Tuesday, June 11, 2019

ខេត្តព្រះវិហារ ចាប់ផ្តើមអនុវត្តគោលនយោបាយផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

ព្រះវិហារ៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ ។
បន្ថែមពីនោះដែរលោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រៅពីគោលនយោបាយរបបសន្តិសុខសង្គម ប័ណ្ណប.ស.ស ដែលបានផ្តល់ជូនមន្រ្តីរាជការ ទូទាំងប្រទេសនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀតលើវិស័យសុខភាពប្រជាជនគឺគោល នយោបាយសុខមាលភាពសង្គមដ៏មានសារះសំខាន់ក្នុងអាណត្តិទី០៦របស់រាជរដ្ឋាភិបាលនេះ ហើយក៏ជាកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាផងដែរ ។
គោលនយោបាយផ្តល់សាច់ប្រាក់គាំទ្រសុខមាលភាពសង្គម គឺគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកតែងតែយកចិត្តទុក្ខខ្ពស់បំផុតលើសុខភាពរបស់ប្រជាពលរដ្ឋយើង ។គោលនយោបាយនេះបង្កើតឡើងក្នុងគោលនយោបាយលើកកម្ពស់សុខមាលភាពម្តាយ និងទារក លុបបំបាត់កង្វះអាហាររូបត្ថម្ភ ប្រកបដោយសមភាព សមធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ ។
លើសពីនោះទៀតលោកអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្តត្រូវរៀបចំនិងចាត់តាំងមន្រ្តីប្រចាំការឬក្រុមត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ មេភូមិ មេឃុំ ក្នុងការផ្តល់សេវាសុខភាពនេះប្រកបដោយសមធម៌ ត្រឹមត្រូវ ក្នុងការអនុវត្តសកម្មភាពបម្រើដល់គោលនយោបាយដែលបានដាក់ចេញនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរលោកអភិបាលខេត្តក៏បានបន្តសួរសុខទុក្ខ និងប្រគល់សាច់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែក ១៦មករាផងដែរ ៕





No comments:

Post a Comment