Monday, May 27, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមមូលបទ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។
ដំណើរនៃការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺឆ្លើយតបតាមការអញ្ជើញរបស់ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP)។
កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ UN-ESCAP នៅឆ្នាំ១៩៤៥ មកដល់ពេលនេះ នេះគឺជា លើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP។
តាមការគ្រោងទុកសន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន ៥៣ប្រទេស និងរដ្ឋ សង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗ របស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិ បាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។
ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេសដែលមានវត្តមានអញ្ជើញចូលរួម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមមូលបទ ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព។
បន្ទាប់ពីបញ្ចប់នៃការថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព រួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីបាងកក ព្រះរាជាណាចក្រថៃ ក្នុងដំណើរនៃការអញ្ជើញនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញ៕





No comments:

Post a Comment