Monday, May 27, 2019

ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាគឺបានមកពីកត្តាសុខសន្តិភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់និងការរីកចម្រើននៃប្រទេសកម្ពុជានេះ គឺបានមកពីកត្តាសន្តិភាព បើគ្មានសុខសន្តិភាពទេនោះ កម្ពុជាមិនអាចកសាងនូវខឿនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិឡើយ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព»ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងអំពីការរីកចម្រើនយ៉ាងលឿនរបស់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់៧.៧ភាគរយ។ លោក បានថ្លែងបន្តទៀតថា កំណើនសេដ្ឋកិច្ចខ្ពស់ជាង២០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យកម្ពុជាប្រែក្លាយខ្លួន ជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក និងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញនូវសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រថា អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ពីជាង៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាបច្ចុប្បន្ន។ លោកបានបន្តថា កម្ពុជា ក៏មានមហិច្ឆិតាក្នុងការប្រែក្លាយខ្លួន ទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕

No comments:

Post a Comment