Monday, May 27, 2019

លោក ស ខេង អរគុណ​កម្លាំង​​​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​អំឡុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិទី​៣

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ការកោត​​​សរសើរ​ និង​អរគុណ​ចំពោះ​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ ក្នុង​ការ​ថែរក្សា​ការពារ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​រាជធានី ខេត្តក្រុង​ស្រុក​ខណ្ឌ អាណត្តិទី៣ កាល​ពី​ថ្អៃទី​២៦ ខែឧសភា មាន​សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​គ្មាន​អំពើហិង្សា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បាន​សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការនាថ្ងៃទី២៧ឧសភា​យ៉ាង​ដូច្នេះ​​ថា ​ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ សុវត្ថិភាព និង គ្មានអំពើហិង្សា។
លោកឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា អ្នកទៅបោះឆ្នោតទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែង បានទៅបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញ។ ជារួម គឺទាំងដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និង សុវត្ថិភាពសង្គមទូទៅ មានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
លោក ស ខេង អះអាង​ថា ជោគជ័យដ៏ថ្លៃថ្លានេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ក្នុងសង្គមខ្មែរដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគោលកាណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងភាពសុខដុមរមនាក្នុងសង្គម៕



No comments:

Post a Comment