Sunday, April 28, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងតូក្យូដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជារួមទាំងក្រុមវិនិយោគរបស់ប្រទេសកម្ពុជា សរុបប្រមាណ ៤៦រូប បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលនិងកក់ក្តៅបំផុត ពីលោកស្រីអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោកប្រធានពិធីការក្រសួងការបរទេសជប៉ុន លោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី លើមូលបទការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី ការជម្នះភាពវឹកវរ ព្រមទាំងការចែករំលែកទស្សនះវិស័យលើបរិបទសាកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងក្នុងពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅ ប្រទេស ជប៉ុន (JETRO) និងធនាគារមីហ្សុហូ (Mizuho)។ ជាមួយគ្នានេះ ក្រៅពីការអញ្ជើញចូលរួមក្នុង សន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី និងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញជំនួបពិភាក្សាទ្វេភាគី និងពិសារអាហារការងារថ្ងៃត្រង់ជាមួយលោក អាបេ ហ្សិនសូ នាយករដ្ឋមន្រ្តីជប៉ុន និងជួបពិភាក្សាការងារជាមួយបណ្តាឥស្សរជនជាន់ខ្ពស់ និងក្រុមហ៊ុនវិនិយោគធំៗ ចំនួន៩ របស់ប្រទេសជប៉ុន ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ និងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត៕






No comments:

Post a Comment