Thursday, February 14, 2019

នៅសល់តែ ១៧ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម រង្ស៊ី នឹង​មក​ដល់

ភ្នំពេញ៖ យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែ​មីនា ឆ្នាំ២០១៩ខាងមុខនេះ, លោកនាយករដ្ឋមន្ត្រី នឹងចុះចេញពីតំណែង តែ​បើ​មិន​មាន​ការ​ដោះ​លែង​ទេនោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។
នៅក្នុងករណីភ្នាល់នេះ សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​រត់​គេច​ពី​សំណាញ់​ច្បាប់​ថា បើគិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសល់រយៈពេលតែ ១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការភ្នាល់ពោលគឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារមួយចំនួន ត្រឡប់​មក​កាន់​មាតុ​ភូមិ​ដ៏​កំសត់​មួយនេះ ដើម្បី​ត្រៀម​ដេក​គុក​តាម​កិច្ច​សន្យា​ភ្នាល់​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី នេះ​បើ​តាម​សម្តី​របស់​អ្នក​វិភាគ។
សូមបញ្ជាក់ថា នាពេលថ្មីៗលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរកំណាព្យចំនួន ៤ឃ្លា បង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្កការងឿងឆ្ងល់យ៉ាងខ្លាំងដល់មិត្តអ្នកអានផងដែរ។
កំណាព្យ ៤ឃ្លា ដែលលោកបានបង្ហោះនៅលើ Facebook ថ្ងៃនេះ មានខ្លឹមសារយ៉ាងដូច្នេះ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយ ឬនៅ?។ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពាន​ក៏​បាក់​ទឹក​ក៏​ជ្រៅ​ធ្វើ​ម្តេច​បាន​ទៅ​តាម​កិច្ច​សន្យា»។
កំណាព្យ ៤ឃ្លា របស់ប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកចូលចិត្តតែងនិពន្ធមួយរូបដែរនោះ បានបង្កការងឿងឆ្ងល់ជាខ្លាំងចំពោះអត្ថន័យដ៏ជ្រាលជ្រៅបង្កប់នៅក្នុងកំណាព្យនេះ។
មានពាក្យមួយឃ្លាគេតែងតែលើកឡើងថា គ្រប់សកម្មភាព គ្រប់ទង្វើរបស់អ្នកនយោបាយ គ្មានសកម្មភាពណាមួយ ឬទង្វើណាមួយដែលមិនភ្ជាប់ជាមួយបញ្ហានយោបាយនោះឡើយ។ សម្រាប់កំណាព្យខាងលើរបស់លោកនាយករដ្ឋមន្រ្តី ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​មាន​អត្ថន័យ​ផ្សារ​ភ្ជាប់​ទៅ​បញ្ហា​នយោបាយ​ផងដែរ។
អ្នកតាមដានបញ្ហានយោបាយបានសន្និដ្ឋាន កំណាព្យនេះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចេតនាយ៉ាងពិតប្រាកដផ្ញើទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី គ្រា​ដែល​ការ​ភ្នាល់​រវាង​លោក​នាយក​រដ្ឋមន្រ្តី និងទណ្ឌិតរូបនេះជិតដល់ឱសានវាទ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។
អ្នកតាមដានបញ្ហានយោបាយ បាន​សាក​ល្បង​បក​ស្រាយ​ឃ្លា​កំណាព្យ​ខាង​លើ​នេះ​យ៉ាង​ដូច្នេះ។
ឃ្លាទី១ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ»។ លោកនាយករដ្ឋមន្រ្តី ចង់បញ្ជាក់ថា ទោះបីទណ្ឌិត សម រង្ស៉ី ប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាងឲ្យលោកតបត និងឆ្លើយតប តែលោកនៅតែរក្សាភាពស្ងាត់ស្ងៀមគ្មានការតបតអ្វីទាំងអស់។
ឃ្លាទី២ «សង្សារបងអើយដល់ពេលហើយឬនៅ?»។ ឃ្លានេះ លោកធ្វើជាសួរឌឺទៅទណ្ឌិត សម រង្ស៉ី តែតាមការពិតលោកចង់រំលឹកថា ការភ្នាល់រវាងលោក និងទណ្ឌិត សម រង្ស៉ី ជិត​ដល់​ពេលហើយ។
ឃ្លាទី៣ «ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ»។ ឃ្លានេះ លោកបានបញ្ជាក់​ថា លោក​គ្មាន​ការ​ស្នើសុំការលើកលែងទោសដល់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ ដោយ​លោក​ចាត់​ទុក​ទណ្ឌិត​រូបនេះជាមនុស្សចិត្តខ្មៅ។ ចិត្តខ្មៅ ក៏​ព្រោះ​តែ​លោក​ធ្លាប់​បាន​សូម​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពីរ​ដង​រួចមកហើយ តែ​ទណ្ឌិត​នេះ​មិន​ត្រឹម​តែមិនដឹងគុណនោះទេ ថែម​ទាំង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត​ដល់​រូប​លោក និង​ក្រុម​គ្រួសារ។
ឃ្លាទី៤ «ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ឃ្លានេះ លោក​ចង់​គូស​បង្ហាញ​ថា មាន​ឧបសគ្គ​ជា​ច្រើន​នៅ​ចំពោះ​មុខ​ទណ្ឌិត សម រង្ស៉ី ធ្វើ​ម្តេច​នឹង​អនុញ្ញាត​ឲ្យ​ទណ្ឌិត​រូប​នេះ​អាច​វិល​ត្រឡប់​ចូល​ស្រុក ដូច​អ្វីដែល​ខ្លួន​បាន​សន្យា​ជា​មួយ​អ្នក​គាំទ្រ​នោះ។
នេះគ្រាន់តែជាការសាកល្បងបកស្រាយពីអត្ថន័យនៃកំណាព្យរបស់លោកនាយករដ្ឋមន្រ្តី ពី​សំណាក់​អ្នកតាមដានបញ្ហានយោបាយតែប៉ុណ្ណោះ។ តែអត្ថន័យពិតនៃកំណាព្យនេះ គឺ​មាន​តែ​រូប​ជា​ម្ចាស់កំណាព្យប៉ុណ្ណោះទើបអាចបញ្ជាក់បាន៕

No comments:

Post a Comment