Wednesday, February 13, 2019

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា គណៈកម្មការអឺរ៉ុប មិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» នោះទេ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្នុងការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា គឺមិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» នោះទេ។
ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ពីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «គណៈកម្មការអឺរ៉ុប មិនបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ "ស្មោះត្រង់" និង "យុត្តិធម៌" នោះទេ។ គណៈកម្មការអឺរ៉ុបបានបិទភ្នែក នៅពេលដែលប្រទេសជាច្រើន ដែលកំពុងតែទទួលនូវក្របខ័ណ្ឌអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប មិនបានអនុវត្តពេញលេញនូវអនុសញ្ញាអន្តរជាតិទាំងនោះ ប៉ុន្តែ ជាមួយនឹងរបៀបវារៈនយោបាយ គណៈកម្មការអឺរ៉ុបបានដាក់បន្តុប និងរំពឹងនូវ "ការអនុវត្តដ៏ល្អឥតខ្ចោះ" នៃអនុសញ្ញាទាំងនោះពីកម្ពុជា»
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា សេចក្តីសម្រេចចិត្តនេះ ជារឿងអយុត្តិធម៌បំផុត ខណៈដែលគណៈកម្មការអឺរ៉ុបមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេសនៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹងលំហនយោបាយ និងសង្គមស៊ីវិល សិទ្ធិការងារ និងការដោះស្រាយបញ្ហាដីធ្លី និងដីសម្បទានស្ករអំពៅ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាទៀតថា គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់ ការកែលំអ និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលបានធ្វើ ដូចដែលបានរំលេចឡើង ក្នុងលិខិតឆ្លើយតបចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ដោយមានភ្ជាប់នូវរបាយការណ៍បញ្ជីវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនោះទេ។ ចំពោះអ្នកសង្កេតការណ៍ ដែលមានភាពអព្យាក្រឹត្យ និងយុត្តិធម៌ សកម្មភាព និងវិធានការដែលរាជរដ្ឋាភិបាល បានធ្វើឡើង គឺអាចទទួលស្គាល់បានថាជាវឌ្ឍនភាពសំខាន់ៗ បើពិចារណាទៅលើភាពស្មុគ្រស្មាញនៃបណ្តាបញ្ហាទាំងនោះ។ វឌ្ឍនភាពដែលរាជរដ្ឋាភិបាលបានធ្វើឡើង ក្នុងអំឡុងពេល ៨ខែ ចុងក្រោយ ចាប់តាំងពីបេសកកម្មសុឆន្ទៈលើកទី ១ ទៅទីក្រុងប្រ៊ុចសែល គឺជាសក្ខីភាពនៃភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានបន្តទៀតថា នៅលើគោលការណ៍ពហុបក្ស គណៈកម្មការអឺរ៉ុបបានផ្តោតតែទៅលើអត្ថិភាពរបស់អតីតគណបក្សសង្រ្គោះជាតិ និងជោគវាសនានៃថ្នាក់ដឹកនាំគណបក្សនេះតែប៉ុណ្ណោះ។ គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ទៅលើភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៨ ដោយឈរលើមូលដ្ឋានតែមួយគត់គឺអវត្តមាននៃអតីត គណបក្សសង្គ្រោះជាតិ។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់គណបក្ស ១៩ ផ្សេងទៀត ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលបានទទួលសម្លេងជិត ១លាន៥សែន ឬស្មើនឹង ២៣% នៃសន្លឹកឆ្នោតបានការនោះទេ។ ការមិនទទួលស្គាល់នូវការពិតទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀងយ៉ាងគឃ្លើនរបស់គណៈកម្មការអឺរ៉ុប ក៏ដូចជាការមិនអើពើចំពោះម្ចាស់ឆ្នោត និងគណបក្សរបស់ពួកគេ ដែលបានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ពួកគេ។
ឮតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបន្ថែមទៀតថា គណៈកម្មការអឺរ៉ុប មិនបានបង្ហាញការគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា នៅពេលដែលការទាមទារនានាទាក់ទងនឹង EBA គឺស្មើនឹងការជ្រៀតជ្រែកចូលទៅក្នុងការវិវត្តនយោបាយរបស់ប្រទេសមួយ។ គណៈកម្មការអឺរ៉ុបបានបដិសេធនូវសំឡេងដ៏ច្រើនលើសលុបរបស់ម្ចាស់ឆ្នោតកម្ពុជា ដែលបានសម្តែងការគាំទ្រដល់រាជរដ្ឋាភិបាលតាមរយៈសន្លឹកឆ្នោតរបស់ពួកគេ។ ផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុបបានជ្រើសយកការគាំទ្រអ្នកនយោបាយមួយក្តាប់តូច ដែលបានកសាងប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការស្អប់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងភាសាអុចអាលបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល។ គណៈកម្មការអឺរ៉ុបមិនបានទទួលស្គាល់គុណសម្បត្តិរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ១១៨រូប ចាប់ផ្តើមឡើងវិញដោយពេញលេញនូវជីវិតនយោបាយរបស់ពួកគេនោះទេ។ បន្ថែមលើនេះ គណៈកម្មការអឺរ៉ុបសុខចិត្តនៅស្ងៀមចំពោះតថភាពដែលថ្នាក់ដឹកនាំទាំងនោះ បានក្លាយជាចំណាប់ខ្មាំងរបស់មេដឹកនាំរបស់ខ្លួន ដែលបានគំរាមថានឹងចាត់ទុកពួកគេជាជនក្បត់ ប្រសិនបើពួកគេសម្រេចចិត្តទទួលយកនូវសិទ្ធិធ្វើនយោបាយឡើងវិញនោះ៕



No comments:

Post a Comment