Thursday, February 14, 2019

ស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃ ជាកត្តាសំខាន់បំផុតសម្រាប់បម្រើឲ្យពាណិជ្ជកម្ម និងទេសចរណ៍

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីការពារជាតិថៃ នៅវិមានសន្តិភាព។ នាឱកាសនោះ លោក Prawit Wongsuwon បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីជំនួបកន្លងមកថ្មីៗរវាង លោកផ្ទាល់ជាមួយឧបនាយករដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ដែលផ្តោតលើបញ្ហាព្រំដែន សន្តិសុខ រួមទាំងបញ្ហាមួយចំនួនទៀតដែលមានការពិភាក្សាដោយរលូន ទាំងបញ្ហាសន្តិសុខ និងការព្រួយបារម្ភផ្សេងៗទៀតនៅតាមព្រំដែនគឺពុំមានបញ្ហាអ្វីចោទ។
ស្របពេលជាមួយគ្នានេះដែរ លោក Prawit Wongsuwon ក៏បានអញ្ជើញទៅទស្សនា វិមានឈ្នះ-ឈ្នះ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរំដោះជាតិរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅពេលនោះគឺចាប់ផ្ដើមពីមនុស្សតែ៥នាក់ប៉ុណ្ណោះ រហូតទទួលបានជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល។ ហើយលោកក៏បានស្វែងយល់បន្ថែមផងដែរតារយៈចម្លាក់ និងពិព័ណ៌អំពីដំណើររឿងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដែលដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរ គុណដល់ លោក Prawit Wongsuwon ដែលបានមកកម្ពុជា បានឃើញពីការរីកចម្រើនរបស់ប្រទេស ហើយបានទៅទស្សនាវិមានឈ្នះ-ឈ្នះ ដែលទីនោះគឺជាកន្លែងតម្កល់នូវឯកសារប្រវត្តិនៃដំណាក់កាលនីមួយៗនៅក្នុងដំណើរការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម។ ពិព័ណ៌ និងរូបចម្លាក់នៅតាមជញ្ជាំងវិមាន គឺបានបង្ហាញនូវតួអង្គសំខាន់ៗនានា ដែលបានចូលរួមចំណែកនៅក្នុងដំណើរការរំដោះប្រទេស និងកសាងសន្តិភាពសម្រាប់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រ ចំពោះកិច្ចពិភាក្សាកន្លងមកថ្មីៗរវាងគណៈកម្មការនៃប្រទេសទាំងពីរ ដែលមានរូប លោក Prawit តំនាងអោយភាគីប្រទេសថៃ ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលតំណាងអោយភាគីកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ផងដែរថា គណៈកម្មការនៃប្រទេសទាំងពីរនេះមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមានសុខសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន ដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរអោយកាន់តែល្អជិតស្និទ្ឋថែមទៀត៕










No comments:

Post a Comment