Tuesday, October 02, 2018

វិនិយោគិនជប៉ុនកំពុងសម្លឹងពីសក្ដានុពលវិនិយោគនៅកម្ពុជា បន្ទាប់ពីចិនឈរលំដាប់ទី១

ខណៈចិនកំពុងឈរលំដាប់ទី១ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា បណ្ដាវិនិយោគិនពីប្រទេសផ្សេងៗក៏បានកំពុងដើរតាមក្រោយចិនជាបន្តបន្ទាប់ដែរ ក្នុងនោះជប៉ុនដែលជាប្រទេសមានសក្ដានុពលវិនិយោគក្រៅប្រទេសមួយដែរនោះ ក៏ហាក់បង្ហាញពីការប្រកួតប្រជែងក្នុងការវិនិយោគនៅកម្ពុជាជាមួយចិនដែរ ។
ដោយមើលឃើញពីសក្ដានុពលវិនិយោគលើវិស័យផ្សេងក្នុងប្រទេសកម្ពុជា វិនិយោគិនជប៉ុនប្រមាណ១៥០ក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួនលើប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ និងគ្រោងបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ។ ជាក់ស្ដែងកាលពីថ្ងៃសុក្រទី២៨ កញ្ញា កន្លងទៅនេះ តំណាងវិនិយោគិនជប៉ុន និងកម្ពុជា បានរៀបចំជំនួបមួយដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមក និងបង្ហាញពីការត្រៀមខ្លួនបណ្ដាក់ទុនរួមគ្នានៅកម្ពុជា ។
បន្ទាប់ពីសម្លឹងឃើញ កម្ពុជាជាប្រទេសដែលមាន ស្ថិរភាព ទាំងផ្នែកនយោបាយ សន្តិសុខ សណ្តាប់ និងការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចជាលំដាប់ ក្រុមហ៊ុនចំនួន១៥០ របស់ប្រទេសជប៉ុន មានចំណាប់អារម្មណ៍ចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា លើវិស័យមួយចំនួន ដើម្បីពង្រីកលើការរីកចម្រើនបន្ថែមទៀត រវាងក្រុមអ្នកអ្នកធុរកិច្ច នៃប្រទេសទាំងពីរ។
លោកឧកញ៉ា យិន សុវណ្ណី តំណាងវិនិយោគិនកម្ពុជាបានអោយដឹងថា ជំនួបរវាងវិនិយោគិនកម្ពុជា និងជប៉ុននៅពេលនេះ គឺបានបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ជប៉ុនក្នុងការបណ្ដាក់ទុននៅប្រទេសកម្ពុជា ស្របពេលកម្ពុជា នៅតែមានសក្ដានុពលសម្រាប់វិនិយោគលើវិស័យផ្សេងៗជាច្រើន ។ ការមកដល់របស់ជប៉ុននៅកម្ពុជាពេលនេះ ក៏បានបង្ហាញពីកត្តាសន្តិសុខ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ នាពេលបច្ចុប្បន្ននិងនៅពេលអនាគត ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នកម្ពុជា បានក្លាយជាគោលដៅវិនិយោគដ៏សំខាន់របស់បណ្ដាប្រទេសរីកចម្រើននានាទាំងក្នុងនិងក្រៅតំបន់ ។
លោកឧកញ៉ាបន្តថា ដោយមើលឃើញពីកត្តាស្ថេរភាពទាំងនយោបាយ និងសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទើបជប៉ុនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី០៣ នៅលើពិភពលោក បានបញ្ជូនក្រុមហ៊ុនវិនិយោគជាច្រើនមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ជាក់ស្ដែងពេលនេះក្រុមហ៊ុនជប៉ុនចំនួន១៥០ក្រុមហ៊ុនបានមកដល់និងកំពុងស្វែងការវិនិយោគនានា ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាកម្ពុជា ជាប្រទេសមួយមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការវិនិយោគ លើគ្រប់វិស័យ ។
លោកឧកញ៉ា យិន សុវណ្ណី បានបញ្ជាក់ថា នៅក្នុងចំណោមបណ្តាក្រុមហ៊ុនទាំង១៥០ខាងលើនេះ មានជំនាញវិនិយោគបីវិស័យក្នុងនោះដូចជាវិស័យ កសិកម្ម វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ខណៈក៏កំពុងត្រូវការអោយមានការវិនិយោគលើវិស័យទាំងនេះផងដែរ ។
លោក SHOJI YUSUNOKI ( ហ្ស៊ូជី យូស៊ូនូគិ ) តំណាងក្រុមហ៊ុនជប៉ុនបានអោយដឹងថា ប្រទេសជប៉ុន និងប្រទេសកម្ពុជា មានចំណងមិត្តជាមួយគ្នាយ៉ាងស៊ីជម្រៅយូរមកហើយ ដូច្នេះហើយសម្រាប់ថ្ងៃនេះ តំណាងក្រុមហ៊ុនរបស់ជប៉ុន ចំនួន១៥០ក្រុមហ៊ុន បានមកដល់ប្រទេសកម្ពុជា ហើយក្រុមអ្នកវិនិយោគិនទាំងអស់ របស់ជប៉ុន ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបន្តថា ប្រទេសជប៉ុន មានចំនួនមនុស្សវ័យចាស់ច្រើន រីឯកម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់ ដែលមានយុវវ័យច្រើន ដូច្នេះហើយកម្ពុជា-ជប៉ុន ជាប្រទេសដែលមានសក្តានុពលដែលអាចអាស្រ័យគ្នាទៅវិញទៅមកបានផងដែរ ជាពិសេសលើការវិនិយោគ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ ។

យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយបានបង្ហាញថា ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៧កន្លងទៅនេះមានទឹកប្រាក់ចំនួន ១,៦ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងវិនិយោគរបស់ជប៉ុន ជាង ១៣០ បានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដូចជាវិស័យធនាគារ ផលិតកម្ម កសិកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕


















No comments:

Post a Comment