Tuesday, October 02, 2018

លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្រ្តាលី ដែលបានមកព្យាបាលដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

លោកស្រី ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយ រៀង បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ចំនួន១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង ៤.០ ០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នា នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមាន លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមសហការជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំដោយលោក កែ រដ្ឋា ក្រុមគ្រូពេទ្យស្ម័គចិត្ត របស់អង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដឹកនាំដោយ លោក ជេក ម៉េងលី ដែលក្រុមគ្រូពេទ្យទាំងអស់បានចំណាយទាំងថវិកា និងពេលវេលាមកព្យាបាលដោយឥតគិតថ្លៃដល់ប្រជា​ពលរដ្ឋក្រីក្រក្នុងខេត្តស្វាយរៀង។
លោកស្រី បានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី បាមរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងរាត្រីនោះផងដែរក៏មានការចូលរួមថវិកាមនុស្សធម៌ពីសំណាក់ ឧកញ៉ា លោក លោកស្រី ដោយប្រមូលបានថវិកាបានជាង ១០ម៉ឺនដុល្លារ សម្រាប់បន្តគម្រោងព្យាបាលក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ លោកស្រី ក៏បានសំណូមពរ​ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត។

ក្រុមគ្រូពេទ្យ Cambodia Vision INC មកពីអូស្ត្រាលី មានបេសកកម្មព្យាបាលជំងឺភ្នែក និងគថ្លង់ ដែលមានគ្រូពេទ្យស្ម័គ្រចិត្តសរុប ១៤០នាក់ ហើយបានបើកការព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង ក្រុងស្វាយរៀង ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែកញ្ញា ២០១៨ ទទួលព្យាបាលអ្នកជំងឺបាន ៣៩៩៨នាក់(៩០%ប្រជាជនក្នុងខេត្ត ១០%ប្រជាជនក្រៅខេត្ត) ក្នុងនោះ
•វះកាត់ភ្នែក ៤៤៤ករណី
•ជំងឺគថ្លង់៩៩៥ករណី
•ផ្តល់វែនតាអានអក្សរ ៩៥០គូរ
•ផ្តល់វែនតាការពារពន្លឺ ៣៥០០គូរ
•កាត់ផ្តល់វែនតាមីញូប ៣៥០គូរ៕








No comments:

Post a Comment