Tuesday, October 02, 2018

សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ» និងពិធីចែកប័ណ្ណ និងបើកផ្ដល់ប្រាក់របបគោលនយោបាយជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកស្រី លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង ២៥រាជធានី-ខេត្ត បងប្អូនពិការ ព្រមទាំងលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ចំនួន ៤០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញពីសុទិដ្ឋិនិយមថា តាមរយៈការប្រារព្ធទិវាដ៏មានសារៈសំខាន់នៅថ្ងៃនេះ ប្រជាពលរដ្ឋជាទូទៅ និងយុវជននៅក្នុងខេត្ត នឹងបានជ្រួតជ្រាប និងយល់កាន់តែច្បាស់អំពីអត្ថន័យនៃទិវាមនុស្សចាស់ ព្រមទាំងចូលរួមកាន់តែផុលផុស និងទូលំទូលាយជាងមុន ក្នុងការរួមចំណែកបង្កើនសុខុមាលភាពការថែទាំ និងការគ្រប់គ្រងមនុស្សវ័យចាស់ឲ្យបានកាន់តែល្អប្រសើរថែមទៀត ហើយក្នុងនាមអាជ្ញាធរខេត្ត គឺនៅតែបន្តជំរុញការចាត់តាំងអនុវត្តនូវរាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគាំពារ ថែរក្សា និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់ ការបន្តចលនាមនុស្សវ័យចាស់ដែលមានប្រមាណជាង ៥ម៉ឺននាក់ នៅក្នុងខេត្ត ឲ្យចូលជាសមាជិកសមាគមមនុស្សចាស់ឲ្យបានកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យពួកគាត់ កាន់តែទទួលបានផលប្រយោជន៍ច្រើនជាងមុន ប្រសើរជាងមុន និងទូលាយជាងមុន ។

សូមបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា គឺជាទិវាមួយដែលប្រារព្ធឡើងសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសមនុស្សវ័យចាស់ ហើយនៅក្នុងឆ្នាំ២០១៨នេះ ប្រារព្ធឡើងក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” ៕









No comments:

Post a Comment