Tuesday, October 16, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ លើកកម្ពស់ការផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ និងកសាងមិត្តភាពជាមួយយុវជនប្រទេសដទៃ

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក ណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូល សូមឱ្យក្នុងការធ្វើដំណើរនេះ ប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួនជាកូនខ្មែរពិតៗ ព្រោះប្រតិភូទាំងមូលជាតំណាងឱ្យប្រជាជនខ្មែរប្រមាណ ១៦លាននាក់ ដែលនៅពីក្រោយ ហើយធ្វើយ៉ាងណា កសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតទៅ អាចក្លាយទៅជាដៃគូរសហប្រតិបត្តិការផងដែរ។ លោកក៏បានជូនពរដល់ចៅៗដែលជាយុវជនរួមដំណើរ ក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុននេះ ឱ្យបានទទួលសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច។
លោក ណៃ សេម ណារ័ត្ន បានជម្រាបជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះ មានសមាជិកចំនួន២៩រូប។ លោកបានឱ្យដឹងថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះ ចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៣តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។ ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិភូទាំងមូល លោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើង ដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញ ដោយសម្ដេចពញ្ញាយ៉ាតមករហូតមកដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញហើយនៅពេលនោះឯង ដែលរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណ ដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម និងមុំទី២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ និងមុំទី៣ ឈរលើកត្តាអនុគ្រោះទាំងក្នុងនិងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បន្ទាប់មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តា ៤៖ កត្តាទី១- គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កត្តាទី ២- គឺស្មារតីសហគមន៍ នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ កត្តាទី៣- ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កត្តានេះ នៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយ អាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ និងកត្តាទី ៤- គឺជាច្រកចេញការទូតរបស់កម្ពុជាយើង៕











No comments:

Post a Comment