Tuesday, October 16, 2018

កិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀប ចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលប្រជុំមន្ទីរ “អគារខ” សាលាខេត្ត មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក សរុបចំនួន ៣៨រូប ។
បន្ទាប់ពីលោក លោកស្រី ជាប្រធាន និងតំណាងអនុគណៈកម្មការទាំង៧ បានឡើងធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីលទ្ធផលការងាររបស់អនុគណៈកម្មការនីមួយៗ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំអនុវត្តការងារពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ក្នុងកិច្ចគាំទ្រដល់ដំណើរការរៀបចំពិធីប្រណាំង​ទូកឆ្នាំ២០១៨នេះ។
លោក អភិបាលខេត្ត ក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ឲ្យបានរួចរាល់ជាស្ថាពរមុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ។
ទន្ទឹមនេះ កិច្ចប្រជុំក៏បានកំណត់យកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការប្រារព្ធពិធីប្រណាំងទូកសាកល្បង ផងដែរ ៕






No comments:

Post a Comment