Sunday, October 28, 2018

លោក សុខ ឥសាន៖ ការរិះគន់របស់មន្រ្តីសង្គមស៊ីវិល ចំពោះការចាត់ចែងមន្រ្តីតុលាការ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះ ការរិះគន់របស់ មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក (ADHOC) លោក សឺន សែនករុណា ដែលបានរិះគន់ទៅលើចំណាត់ការផ្ទេរ និងតែងតាំង មន្រ្តីក្នុងស្ថាប័នតុលាការ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានចាត់ទុកថា ការរិះគន់ចំពោះការចាត់ចែង តែងតាំង និងផ្លាស់ប្ដូរព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញា របស់ស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រមរបស់មន្រ្តីសង្គមស៊ីវិលរូបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង។
លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលថ្មីៗនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការមួយចំនួន។ ផ្អែកលើការសម្រេចនេះ មានជននៅក្នុងអង្គការសង្គមស៊ីវិលមួយចំនួននិយាយថា ការសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការទាំងនោះមិនមានតម្លាភាពឡើយ ដោយសារពួកគេមិនបានដឹង ដែលនាំឲ្យមានការសង្ស័យមួយចំនួន»។
លោកបានបន្តថា «ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រព្រឹត្តទៅក្នុងអង្គប្រជុំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហេតុអ្វីបានជាថាគ្មានតម្លាភាព? ការនិយាយបែបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង»។

លោក សុខ ឥសាន បានបញ្ជាក់ថា ស្ថាប័នរដ្ឋរបស់កម្ពុជា ធ្វើអ្វីមួយមិនចាំបាច់ត្រូវរាយការណ៍ឲ្យសង្គមស៊ីវិលនោះទេ។ លោកថ្លែងថា៖ «ឱ! បើអង្គការរដ្ឋធ្វើអីចាំបាច់ត្រូវរាយការណ៍សុំសង្គមស៊ីវិល ឬទើបបានត្រឹមត្រូវ និងមានតម្លាភាពនោះ? បើយ៉ាងដូច្នោះ អង្គការសង្គមស៊ីវិល កំពុងតាំងខ្លួនឯងដ៏អស្ចារ្យ នៅពីលើអង្គការរដ្ឋដែលជាស្ថាប័នកើតចេញពីឆន្ទ:របស់ប្រជាជនកម្ពុជា។ ឯអង្គការសង្គមស៊ីវិល គ្រាន់តែជាអង្គការដែលបង្កើតឡើងដោយមនុស្ស២-៣នាក់សោះ ហេតុម៉េចបានជាទាមទារសិទ្ធិអីធំសម្បើមម៉្លេះ?»៕

No comments:

Post a Comment