Sunday, October 28, 2018

រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថាបញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នា

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីឧត្តមឆន្ទៈបៃតង សហការរៀបចំឡើងដោយបណ្ណាល័យបញ្ញាវ័ន្ត សមាគម និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអេកូយុវទូតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ នៅវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក បានបញ្ជាក់ថា បញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នាដែលចាំបាច់ទាមទារការរួមគ្នាសម្អាតបរិស្ថានឱ្យបានស្អាតល្អ។

គោលបំណងនៃកម្មវិធីនេះគឺចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនូវគំនិតបៃតង និងអនុវត្តទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ។ យើងចង់ឱ្យប្រជាជនក្នុងតំបន់ត្រូវបានទទួ​លការអប់រំ, ត្រូវបានជូនដំណឹងនិងអនុញ្ញាតឱ្យពួកគេដឹងពីរបៀបរួមចំណែកជួយដល់ផែនដីរបស់យើង។ ជាមួយគ្នានេះ ការគ្រប់គ្រងសំណល់រឹងសំរាម និងការការពារធនធានធម្មជាតិជាប្រធានបទក្នុងកិច្ចពិភាក្សា។

ដោយលើកការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការថែរក្សាអនាម័យបរិស្ថាន លោក នេត្រ ភក្ត្រា បានជម្រាបជូនអ្នកចូលរួមអំពីតួនាទីភារកិច្ចរបស់ក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងបរិស្ថានដែលបានផ្តោតលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ទាក់ទងនឹងបញ្ហាសំរាម លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងគ្រប់គ្រងសំណល់រឹងសំរាម។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សំរាមប្រមាណមួយម៉ឺនតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយក្នុងនោះ បរិមាណសំរាមប្រមាណ ៣ ពាន់តោនក្នុងមួយថ្ងៃនៅ រាជធានីភ្នំពេញ និងប្រមាណ ៦០០ តោននៅខេត្តព្រះសីហនុ និងប្រមាណ ៤០០តោននៅខេត្ត​សៀមរាប។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងលើក​ទឹកចិត្តដល់ប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ជាន់ថ្នាក់ចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមញែកសំរាមឱ្យត្រឹមត្រូវតាមបច្ចេកទេសត្រឹមត្រូវ និងចូលរួមកាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យសហគមន៍ ភូមិឃុំ និងសង្គមរបស់យើងមានបរិស្ថាន ល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព៕







No comments:

Post a Comment