Tuesday, September 11, 2018

ទឹកប្រាក់ចំនួន២៦,៦៧៣ដុល្លារ របស់លោកស្រី សៀង ចាន់ហេង និងសប្បុរសជនក្នុងខេត្ត ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សៀមរាប៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ទឹកប្រាក់ចំនួន២៦,៦៧៣ដុល្លារ របស់លោកស្រី សៀង ចាន់ហេង និងសប្បុរសជនក្នុងខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានផ្តល់តាមរយៈលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ត្រូវបាននាំយកមកប្រគល់ជូន ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក៏បានធ្វើការកោតសរសើរចំពោះក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់អ្នកជម្ងឺ សំខាន់លើសេវាបម្រើព្យាបាលអ្នកជម្ងឺ ដែលបានចូលមកសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យប្រកបដោយក្រមសីលធម៌ល្អ។
លោកស្រី ក៏បានគូសបញ្ជាក់ថា ក្រោយពេលការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនអ្នកជម្ងឺ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលកន្លងមកនោះ លោកស្រីបានសង្កេតមើលឃើញនូវកង្វះអគារទីកន្លែង អ្នកជម្ងឺសម្រាកព្យាបាល ដោយមានបងប្អូនអ្នកជម្ងឺដែលមកពីបណ្តាខេត្តនានា ចូលមកសម្រាកព្យាបាលជម្ងឺ។ ដោយកត្តានេះហើយ ក្នុងនាមទឹកចិត្តមនុស្សធម៌របស់លោកស្រី ក៏បានខិតខំស្វែងរកបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅស្រុក ជាតិ-អន្តរជាតិ ក្នុងការកៀងគរប្រមូលថវិកា ដើមី្បយកមកឧបត្ថម្ភគាំទ្រក្នុងការសាងសង់អគារ ផ្នែកជម្ងឺទូទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ជាការជួយសម្រួលដល់បងប្អូនអ្នកជម្ងឺ ចូលមកទទួលសេវាព្យាបាលបានស្នាក់នៅសមរម្យជាមន្ទីរពេទ្យ។
តាមរយៈលោកស្រី គួយ ណាលីន លោកស្រី សៀង ចាន់ហេង បានបរិច្ចាគនូវថវិកា ២៦,៦៧៣ដុល្លារ ដើមី្បបន្តការសាងសង់បង្ហើយអគារព្យាបាលជម្ងឺទូទៅ ក្នុងការបម្រើនូវតម្រូវការរបស់គ្រូពេទ្យ និងបងប្អូនអ្នកជម្ងឺ។ ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណនូវទឹកចិត្តដ៏សប្បុរសរបស់លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង និងលោកស្រី សៀង ចាន់ហេង រួមទាំងសប្បុរសជនក្នុងខេត្ត ដែលបានបរិច្ចាគនូវថវិកាក្នុងការចូលរួមសាងសង់អគារ សម្រាប់ផ្នែកជម្ងឺទូទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិតក៏បានឱ្យដឹងផងដែរថា អគារដែលធ្វើការសាងសង់នេះ បានដំណើរការសាងសង់បាន៩៥%ហើយ ព្រមទាំងដាក់គ្រែអ្នកជម្ងឺបាន៧០គ្រែផងដែរ៕







No comments:

Post a Comment