Friday, August 03, 2018

ព្រះមហាក្សត្រកម្ពុជាផ្ញើសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ បានផ្ញើព្រះរាជសាររំលែកទុក្ខដល់គ្រួសារសពលោកសាស្រ្ដាចារ្យ Pierre-André Lablaude អ្នកជំនាញការអាដហុក (Ad hoc) ផ្នែកអភិរក្ស នៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នាទីក្រុងប៉ារីស ដោយជំងឺគាំងបេះដូង។ ក្នុងព្រះរាជសារដែលបានផ្ញើទៅលោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រះមហាក្សត្រ បានសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់លោកសាស្រ្ដាចារ្យ ដែលបានបំពេញបេសកកម្មអន្ដរជាតិដ៏វិសេសវិសាល ចាប់តាំងពីរមណីយដ្ឋានអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។
ជាមួយគ្នានេះ ព្រះមហាក្សត្រ ទ្រង់បានប្រោសប្រទាននូវមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍ ដល់សពរបស់លោកសាស្រ្ដាចារ្យ Pierre-André Lablaudeដើម្បីឱ្យស័ក្ដិសមចំពោះការលះបង់របស់លោកសាស្រ្ដាចារ្យ ក្នុងការងារជាច្រើនដើម្បីបុព្វហេតុរមណីយដ្ឋានអង្គរ៕



No comments:

Post a Comment