Friday, August 03, 2018

ការបង្កើតការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីបង្កភាពងាយស្រួល​ ប្រសិទ្ធភាពខ្ពស់​ គុណភាព​ តម្លាភាព​ និងឆ្លើយតប​ទាន់ពេលវេលា​ ជូនប្រជាពលរដ្ឋ​

កំពង់ឆ្នាំង៖ នៅសាលប្រជុំ «គ» សាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ មានរៀបចំកិច្ចប្រជុំ ស្ដីពីកិច្ចពិភាក្សាលើការផ្ទេរសេវារដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងទីចាត់ការ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យឯកសារ និងរបៀប និងមន្ត្រីជួរមុខនៃអង្គភាពច្រកចេញចូលតែមួយ សរុបជាង ២០រូប។
លោក អម សុភា បានមានប្រសាសន៍ថា សេវាដែលផ្ដល់ដោយរាជធានី ខេត្ត យើងមានពីរផ្នែកសំខាន់ៗ ទី១៖ ការងារនីត្យានុកូលកម្ម និងទី២៖ ការងាររដ្ឋបាល។ សេវាទាំងអស់នេះ ទីចាត់ការ ឬអង្គភាពពាក់ព័ន្ធ ត្រូវផ្ទេរទៅអង្គភាពច្រកចេញចូលតែមួយខេត្ត។ លោកអភិបាលរងខេត្តបានបន្តថា ការធ្វើបែបនេះ ក្នុងគោលបំណង បង្ខិតសេវារដ្ឋបាលឲ្យនៅកៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា សេវាទាំងឡាយណា ដែលមិនបានឆ្លងកាត់ច្រកចេញចូលតែមួយ គឺអំពើខុសច្បាប់។
បន្ថែមពីនោះ លោកអភិបាលរងខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ បានជម្រុញឲ្យគ្រប់ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយ និងរិះរកមធ្យោបាយបែបណា ដើម្បីផ្សព្វផ្សាយពីការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ អោយបានទូលំទូលាយ។

ជាកិច្ចបញ្ចប់ ប្រធានអង្គប្រជុំ ក៏បានផ្ដល់ជាអនុសាសន៍សំខាន់ៗមួយចំនួនផ្ដាំផ្ញើសមាជិក សមាជិកាដែលមានវត្តមានក្នុងកិច្ចប្រជុំនោះត្រូវ៖
១. មានគំនិតផ្ដួចផ្ដើម
២. ប្រឹងប្រែងអោយអស់លទ្ធភាព
៣. សម្រេចឲ្យបានលទ្ធផលស្របតាមថ្នាក់លើប្រគល់ភារកិច្ចឲ្យ និងត្រូវមានផែនការរបស់ខ្លួន
៤. ប្ដេជ្ញាអភិវឌ្ឍន៍ខ្លួនឯង ប្រើប្រាស់សមត្ថភាព ចំណេះដឹង និងជំនាញ ឲ្យសម្រេចបានជាអតិប្បរមាប្រកបដោយសេចក្ដីថ្លែថ្នូរ
៥. ស្វិតស្វាញបំពេញការងារជាមួយមន្ត្រីផ្សេងទៀត
៦. លះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីប្រយោជន៍សាធារណៈ
៧. បង្កើនសមត្ថភាព ឯកទេស
៨. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការ
៩. ទទួលខុសត្រូវលើតួនាទី ភារកិច្ចរបស់ខ្លួន
១០. គោរពម៉ោងការងារ និងគោរពបទបញ្ជាផ្ទៃក្នុង
១១. គោរពតាមខ្សែគណនេយ្យភាព ក្នុងរចនាសម្ព័ន្ធចាត់តាំង របស់អង្គភាពទាំងមូល
១២. គោរពគោលការណ៍រដ្ឋបាលសាធារណៈ ជារដ្ឋបាលឋានានុក្រម
១៣. មិនត្រូវយកពេល ឬម៉ោងការងារទៅបំពេញកិច្ចការងារផ្សេង
១៤. ប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ដោយមិនត្រូវធ្វើឲ្យមានផលប៉ះពាល់ដល់កិត្តិយសអ្នកដទៃឡើយ
១៥. មិនត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕





No comments:

Post a Comment