Friday, August 03, 2018

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាសម្រាមក្នុងទីប្រជុំជន និងនៅតាមបណ្ដារោងចក្រនានា

កំពង់ឆ្នាំង៖ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះគឺដឹកនាំដោយ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធសរុប៤១រូប ស្រី៨រូប។

លោកស្រី ដោក សុទ្ធា បានលើកឡើងក្នុងកិច្ចប្រជុំថា មូលហេតុចម្បងដែលត្រូវមានយន្តការចាំបាច់ ក្នុងការដោះស្រាយបញ្ហាសម្រាមនោះ គឺខេត្តកំពង់ឆ្នាំង ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណត់ឲ្យរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៩ នាពេលខាងមុខនេះ។ លោកស្រីបន្តថា ខេត្តកំពង់ឆ្នាំង ជាខេត្តដែលត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ មកពីបណ្ដាខេត្តផ្សេងៗនឹងចូលរួមអបអរកម្មវិធីបុណ្យទន្លេ ដូចនេះយើងត្រូវចាត់វិធានការដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់លើបញ្ហានេះ។

លោកស្រី ប៉ាល់ យឿន បានថ្លែងផងដែរថា ទីក្រុងស្អាត ទីក្រុងមានសោភ័ណភាពល្អ និងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិបាន លុះណាតែទីក្រុងគ្មានគំនរសម្រាម។ លោកស្រីបន្ថែមទៀតថា ថ្នាក់ដឹកនាំខេត្ត ដែលមានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានខិតខំប្រឹងប្រែងជម្រុញទៅអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការដោះស្រាយបញ្ហាសម្រាម ធ្វើម៉េចឲ្យវាស្អាត។

ជាការឆ្លើយតប លោកប្រធានមន្ទីរបរិស្ថានស្ដីទីខេត្តកំពង់ឆ្នាំង បានបំភ្លឺថា ចំពោះបញ្ហាសម្រាមនេះ ត្រូវបានរងការរិះគន់យ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង។ ក្នុងនោះដោយមានកត្តាពីរយ៉ាង ទី១៖កត្តាប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមិនព្រមបង់ថ្លៃសេវាដឹកជញ្ជូន ព្រោះសំអាងថាក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការប្រមូលសម្រាម បុគ្គលិកប្រមូលសម្រាមមានអាកប្បកិរិយាមិនល្អ និងទី២៖ក្រុមហ៊ុនប្រមូលសម្រាម មិនបានប្រមូលសម្រាមឲ្យបានជាទៀងទាត់ទេ តែការប្រមូលថ្លៃសេវាគឺទារជាកំហិត ឯការអនុវត្តលើសេវាដឹកជញ្ជូនមានការយឺតយ៉ាវ។ ដូច្នេះចាំបាច់ត្រូវមានយន្តការដោះស្រាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងឱកាសនោះដែរ លោកស្រី ដោក សុទ្ធា បានសំណូមពរឲ្យមន្ទីរ អង្គភាព នាយករងរដ្ឋបាលសាលាខេត្ត ក៏ដូចជាគណៈអភិបាលខេត្ត ឆ្លើយបំភ្លឺសំណួរ និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៥០ បានលើកឡើងជាសំណូមពរ ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយបណ្ដុះបណ្ដាលការជ្រើសរើសពូជស្រូវ ការអប់រំអនាម័យជនបទ និង ការកែលំអប្រព័ន្ធធារាសាស្ត្រ ដែលបញ្ហាទាំងនេះជាយន្ដការត្រូវដោះស្រាយ ព្រោះរដូវកាលនេះជារដូវវស្សា រដូវធ្លាក់ភ្លៀង។

សូមជម្រាបផងដែរថា ជាលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៥០នោះ ក្រុមប្រឹក្សាខេត្ត បានពិភាក្សា និងអនុម័តដូចខាងក្រោម៖
១-សេចក្ដីព្រាងរបៀបវារៈប្រជុំលើកទី៥០
២-អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណតិ្តទី២ របស់ក្រុមប្រឹក្សាខេត្ត
៣-លទ្ធផលសកម្មភាពការងារ គ្រប់វិស័យ ខែកក្កដា ឆ្នាំ២០១៨
៤-លទ្ធផលសកម្មភាពការងារគ្រប់វិស័យ ឆមាសទី១ ឆ្នាំ២០១៨៕





No comments:

Post a Comment