Monday, August 20, 2018

អភិបាលខេត្តកំពង់ចាម ត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសល្អប្រសើរ

កំពង់ចាម៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រលងមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប )នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បឹងកុក ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា និងខាងមន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។ ជាមួយនេះ អភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៧-២០១៨នេះ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។
អាណាព្យាបាលដែលកំពុងរង់ចាំកូនៗ នៅខាងក្រៅបរិវេណមណ្ឌលប្រលង បានសម្តែងអារម្មណ៍រីករាយបំផុត ដែលឃើញកូនៗរបស់ពួកគាត់បានតស៊ូរៀនសូត្រ ហើយបានជម្រុញដល់ការសិក្សាបន្ថែមទៀត ដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ និងដាក់ពាក្យប្រលងចូលបម្រើការក្នុងស្ថាប័នរដ្ឋ ឬឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេស។

សូមបញ្ជាក់ដែរថា បេក្ខជនសរុបទាំងអស់ក្នុងខេត្តកំពង់ចាម មានចំនួន ៨០០៧នាក់ ក្នុងខេត្តកំពង់ចាមមាន ១៤មណ្ឌល ផ្នែកវិទ្យាសាស្រ្ដ មានចំនួន៩មណ្ឌល ផ្នែកវិទ្យាសាស្ត្រសង្គម ៥មណ្ឌល ហើយមណ្ឌលប្រលង ដែលបានកំណត់មាននៅក្នុងរីរួមខេត្តកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ៕




No comments:

Post a Comment