Monday, August 20, 2018

កម្ពុជា និងថៃ រួមគ្នាជិះកង់ ដើម្បីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដែលមានអ្នកចូលរួមប្រមាណជាង ២៥០០នាក់

ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ប្រទេសថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញបើកការជិះកង់មិត្តភាព កម្ពុជា+ថៃ លើទឹកដី ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានកីឡាករចូលរួមចំនួនប្រមាណ ២៥០០នាក់ លើចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ដើម្បីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្ត នៅជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការជិះកង់មិត្តភាព កម្ពុជា+ថៃ (ប៉ៃលិន បាត់ដំបង និងចាន់បុរី) នាពេលនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ផ្នែកកីឡាជិះកង់ផង និងដើម្បីពង្រឹងពង្រីកកិច្ចទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលជាអ្នកភូមិផងរបងព្រំដែនជាប់គ្នាផង ជាពិសេសផ្សព្វផ្សាយវិស័យ ទេសចរណ៍ដែលជាសក្តានុពលរបស់ខេត្តនីមួយៗ ព្រមទាំងអនុវត្តន៍ ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំង២ សម្រាប់តំបន់ព្រំដែនដោយបង្រួមទំនាស់ ពង្រីកមិត្តភាព សាមគ្គីភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៅបណ្តោយព្រំដែន។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុម កីឡាករទាំងពីរប្រទេស បន្តការគាំទ្រ និងចូលរួមជិះកង់ជាមិត្តភាព នៅពេលក្រោយៗទៀត ដើម្បីបញ្ជាក់នូវសក្ខីកម្មនៃប្រជាជនជុំវិញ ពិភពលោក គាំទ្រយល់ដឹងច្បាស់ពីស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់ សេ្ថរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម ជាពិសេសកីឡាករ-ការិនី ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មានអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងមានស្មារតីកីឡា ស្មារតីមិត្តភាព សាមគ្គីភាព សន្តិភាពនិងស្មារតីការពារបរិស្ថានភព ផែនដីស្ថិតនៅក្នុង បេះដូងយើងទាំងអស់ជានិច្ច។
លោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ប្រទេសថៃ បានមាន ប្រសាសន៍ឱ្យដឹងថា៖ ដោយមើលឃើញប្រជាជនថៃក៏ដូចជាប្រជាជន ទូទៅចូលចិត្តជិះកង់លំហាត់ប្រាណ ដើម្បីសុខភាពនិងការជិះកង់ជាក្រុមៗគ្រប់ទីកន្លែង ទើបគណៈកម្មការនៃព្រះមហាក្សត្រថៃ បានរៀបចំឱ្យមាន កម្មវិធីប្រកួតប្រណាំងជិះកង់មិត្តភាពនេះឡើង ដោយចង់លើកទឹកចិត្តក្រុម អ្នកជិះកង់ ជាពិសេសគឺដើម្បីសុខភាព មិត្តភាព និងពង្រឹងទំនាក់ទំនង រវាងខេត្តជិតខាងដែលរួមមានខេត្តប៉ៃលិន និងខេត្តបាត់ដំបងនៃប្រទេស កម្ពុជា និងខេត្តចាន់បុរី ប្រទេសថៃ។

បើតាមការបញ្ជាក់របស់គណៈកម្មការការចម្រុះកម្ពុជា+ថៃ បានឱ្យដឹងថា៖ ការជិះកង់មិត្តភាពនេះគឺចាប់ចេញដំណើរពីច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន នៅ៨៖០០នាទីព្រឹក នៅបញ្ចប់ នៅច្រកទ្វារអន្តរជាតិដូង ផ្សារបានឡែម ខេត្តបាត់ដំបង នៅម៉ោង ១២៖០០ ថ្ងៃត្រង់ ដែលមានកីឡាករចូលរួម ចំនួនប្រមាណ ២៥០០នាក់ ក្នុងនោះកីឡាករកម្ពុជា ប្រមាណ ៥០០នាក់ ដោយជិះលើចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕








No comments:

Post a Comment