Friday, July 20, 2018

ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី!

មានវប្បធម៌អាក្រក់ៗជាច្រើន ដែលក្រុមលោក សម រង្ស៊ី បានសាបព្រួសនៅក្នុងសង្គមខ្មែរ ក្នុងរយៈពេលជា​ច្រើនទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះការប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបំពុលមហាជនខ្មែរ ជាលទ្ធផល នៃស្នាដៃដ៏ស្មោគគ្រោកមួយរបស់ សម រង្ស៊ី ក្នុងចំណោមវប្បធម៌អាក្រក់ជាច្រើនទៀត ដែលក្រុមនេះ​បានបង្កើតឡើង។
និយាយពីព័ត៌មានក្លែងក្លាយ យើងសូមលើកឡើងព័ត៌មានក្លែងក្លាយមួយចំនួន ដែលក្រុមនេះបាន​បង្កើត​ឡើងនៅមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបន្តដល់ថ្ងៃបោះឆ្នោត និងក្រោយ​ការបោះឆ្នោត។ នៅមុនការបោះឆ្នោត ក្រុមទុច្ចរិតដែល លាក់ខ្លួនក្នុងទីងងឹតដឹកនាំដោយ សម រង្ស៊ី បានប្រឌិតឡើងទាំងស្រុងនូវព័ត៌មានដ៏ធំមួយ ដែលថាការប៉ះទង្គិចគ្នាក្នុងវិវាទដីធ្លី នៅក្នុងខេត្តក្រចេះ បានធ្វើឲ្យមនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
ព័ត៌មាននេះត្រូវបានបណ្តាញរបស់ពួកគេ ដែលត្រៀមទុកជាស្រេចមានទាំងហ្វេសប៊ុក និងអង្គភាពព័ត៌មាន ដែលតាំងខ្លួនថាឯករាជ្យមួយចំនួនផងដូចជា កាសែតភ្នំពេញប៉ុស្តិ៍ ដែលគ្រប់គ្រងដោយម្ចាស់មុន ជាពិសេស​វិទ្យុអាស៊ីសេរី ដែលជាឧបករណ៍ដាច់ថ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម បានចុះផ្សាយបន្តយ៉ាងគគ្រឹកគគ្រេង ដូចរឿងមែនទែន។ វិទ្យុបម្រើនយោបាយអាមេរិកមួយនេះ ដែលមានខ្មែរជ្រុលនិយមឈ្មោះ ជុន ច័ន្ទបុត្រ ជាអ្នកដឹកនាំ បានបំប៉ោងព័ត៌មានក្លែងក្លាយនេះ រហូតដោយប្រកាសពីចំនួនអ្នក ស្លាប់កើនឡើងពី៤ ដល់៨នាក់ ហើយបានរៀបចំឆាកសម្ភាសន៍ មនុស្សដែលគេបង្គាប់ឲ្យនិយាយកុហក ដើម្បីធ្វើឲ្យមហាជន​ជឿលើព័ត៌​មាន​ប្រឌិតរបស់ពួកគេ។
ចំណែក សម រង្ស៊ី ដែលជាមេខ្លោងឯណោះវិញ ក៏ប្រញាប់បញ្ចេញសាររំលែកទុក្ខ ដែលបានត្រៀមទុក​ជាស្រេចនោះ បង្ហោះតាមហ្វេសប៊ុកដោយឥតអៀនខ្មាស គឺរំលែកទុក្ខអ្នកស្លាប់ដែលគ្មានអ្នកស្លាប់សោះ។ គោលបំណងរបស់ សម រង្ស៊ី និងក្រុមទុច្ចរិតដែលបានប្រឌិត ព័ត៌មានក្លែងក្លាយដ៏ធំនេះឡើង គឺដើម្បីបញ្ឆេះ​កំហឹងមហាជនខ្មែរឲ្យខឹងសម្បារ ជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល ហើយពួកគេឆ្លៀតឱកាស​បង្កើតឲ្យមាន​ភាពចលាចលសង្គមឡើង ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើចលនាបដិវត្តន៍ពណ៌ តាមគម្រោងផែនការរបស់ចៅហ្វាយនាយបរទេស។ ប៉ុន្តែ ឧបាយកលទុច្ចរិតដ៏ធំមួយនេះ ត្រូវបានបន្សាប​ទាន់ពេលវេលា បន្ទាប់ពីក្រុមសង្គមងងឹតនេះត្រូវបាន បកស្បែកមុខ ហើយទីបំផុតគ្មានអ្នកណាម្នាក់ស្លាប់ ឬរងរបួសក្នុងព្រឹត្តិការណ៍នេះទេ។ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី មិនព្រមកែតម្រូវ​ព័ត៌មានរបស់ខ្លួនដែរ។ នេះហើយ មុខមាត់ពិតរបស់បណ្តាញក្រុមទុច្ចរិតសង្គមងងឹត។
ឈានមកដល់ដំណាក់កាល យុទ្ធនាការឃោសនាបោះឆ្នោតនេះ ពួកគេបានបង្កើតព័ត៌មាន​ក្លែងក្លាយ​ជាបន្តបន្ទាប់ រួមទាំងការយកព្រះមហាក្សត្រ ទៅលេងសើចក្នុងល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋ អ្នកបោះឆ្នោត ដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រៅពីការប្រមាថព្រះមហាក្សត្រ ព័ត៌មានក្លែងក្លាយទី១ ដែលពួកគេបង្កើតឡើងគឺ «ទឹកខ្មៅជ្រលក់ម្រាមដៃពេលបោះឆ្នោតមានជាតិគីមី អាចបណ្តាលឲ្យមនុស្សស្លាប់ក្នុងរយៈពេល២៤ម៉ោង»។ គោលបំណងរបស់ពួកគេដែលប្រឌិត​ព័ត៌មាន​បែប​នេះឡើង គឺដើម្បីបំភ័យមហាជនកុំឲ្យចេញទៅបោះឆ្នោត ដើម្បីសម្រេចមហិច្ឆតាបំផ្លាញការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
ព័ត៌មានក្លែងក្លាយធំទី២ ដែលពួកគេបង្កើតឡើងពេលនេះទៀត គឺការបន្លំឯកសារធ្វើជាសមាគមវៀតណាម នៅកម្ពុជា ហើយអំពាវនាវឲ្យជនជាតិវៀតណាម ចេញទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា។ គោលបំណង​របស់​ពួកគេ ដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើង គឺដើម្បីឲ្យមហាជនខ្មែរមើលឃើញថា ការបោះឆ្នោត​ខាងមុខនេះ មានការលូកដៃពីជនជាតិវៀតណាម ហើយបញ្ឆេះកំហឹងខ្មែរឲ្យស្អប់វៀតណាម និងឈាន​ទៅ​បង្កើត​អំពើហិង្សាប្រឆាំងវៀតណាម និងឈានទៅបំផ្លាញការបោះឆ្នោតតែម្តង។ ជាថ្មីម្តងទៀត ព័ត៌មាន​ប្រឌិត​ក្នុងចេតនា ទុច្ចរិតនេះក៏ត្រូវបានបកស្បែក មុខទាន់ពេលវេលា។ នៅពេលខាងមុខនេះ ពួកក្រុម​ទុច្ចរិត​ដឹកនាំ​ដោយ ទណ្ឌិតសម រង្ស៊ី ក៍មានផែនការទុច្ចរិតជាច្រើនទៀត ដែលត្រូវបញ្ចេញក្នុងដំណាក់កាលឃោសនា​រកសំឡេងឆ្នោត ក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ពួកគេនឹងប្រឌិតព័ត៌មាន​ក្លែងក្លាយ​ជា​ច្រើនទៀត រហូតដល់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទិន្នន័យមួយចំនួន របស់រាជរដ្ឋាភិបាល ដែលពួកគេបង្កើត​ឡើងដោយខ្លួនឯង ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ប៉ុន្តែមិនខុសពីលើកមុនៗទេ ផែនការខ្មៅកខ្វក់​របស់ សម រង្ស៊ី និងបក្សពួក មិនអាចគេចផុតពីក្រសែភ្នែករបស់អាជ្ញាធរមានសមត្ថកិច្ចបានទេ។ កន្លងទៅ សកម្មភាពដ៏អាក្រក់បំផុតមួយដែលពួកគេបានប្រើដែរនោះគឺ ការប្រើប្រាស់ក្រុមហេកខឺ ឲ្យហែកចូលក្នុង​គណនីយហ្វេសប៊ុក របស់មន្ត្រីឬឥស្សរៈជនសំខាន់ៗ ដើម្បីបញ្ចេញព័ត៌មានក្លែងក្លាយ​បំភាន់សាធារណៈមតិ​ឲ្យយល់ច្រឡំ។
ជាសរុប ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី បានសាបព្រួសវប្បធម៌អាក្រក់ច្រើនណាស់ក្នុងសង្គមខ្មែរ។ វប្បធម៌ជេរប្រមាថ កាត់តរូបភាពក្លែងក្លាយ ដើម្បីប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំប្រទេស, វប្បធម៌លាបពណ៌, វប្បធម៌គំនុំសងសឹក, ញុះញង់បំបែកបំបាក់, វប្បធម៌ហិង្សាវាយកម្ទេច ដុតបំផ្លាញ, វប្បធម៌បញ្ឆេះកំហឹងពូជសាសន៍, វប្បធម៌ក្តិចត្រួយសឹងជាវប្បធម៌ដ៏គ្រោះថ្នាក់ ហើយដែលកំពុងកើត​មានជាក់​ស្តែង​ក្នុងសង្គមបច្ចុប្បន្ន​ គឺជាស្នាដៃសមិទ្ធផលរបស់ សម រង្ស៊ី។ គោលដៅចុងក្រោយរបស់ពួកគេគឺបំពុលទឹក ដើម្បីចាប់ត្រី ពោលគឺបំពុលមនុស្សដើម្បីពួកគេងាយស្រួលបោក។
បច្ចុប្បន្ន ពួកគេនៅតែបន្តសាបព្រួសវប្បធម៌ដ៏ស្មោគគ្រោកនេះ ដោយមិនព្រមឈប់ឡើយ។ ដូច្នេះ សូមបងប្អូន​ប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះឧបាយកលទុច្ចរិតទាំងនេះ ហើយកុំជឿលើព័ត៌មានដែល មិនបាន​ផ្ទៀងផ្ទាត់​ច្បាស់លាស់។
ទោះជាយ៉ាងណា ប្រទេសយើងមានសំណាងដោយសារមានតួអង្គដែលជា «អង់ទីគ័រ» សម្រាប់ការពារ​ខ្លួនដ៏រឹងមាំប្រឆាំងការយាយីពីមេរោគបានយ៉ាងល្អ។ នោះគឺតួអង្គបុរសខ្លាំងកម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដរាបណានៅមានជនសង្គមងងឹតដែលប៉ុនប៉ង យាយីសេចក្តីសុខសានរបស់ប្រជាជន បុរសខ្លាំង​ម្នាក់នេះ នឹងបន្តឈរនៅយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម ការពារលំនឹងជីវភាពរបស់ប្រជាជន និងការពារប្រជាធិបតេយ្យ សេរីពហុបក្ស មិនឲ្យរងការបំផ្លិចបំផ្លាញដោយក្រុមទុច្ចរិតបានឡើយ។ យើងទាំងអស់គ្នាជាខ្មែរដែល ស្រឡាញ់អំពើល្អ និងស្អប់ខ្ពើមអំពើទុច្ចរិត ខ្មៅកខ្វក់ ក៏នៅតែត្រូវការបុរស​ខ្លាំង​របស់យើងដើម្បីការពារយើងគ្រប់គ្នាដែរ ៕

ដោយ៖ ពុទ្ធសាសនិកជនម្នាក់ ក្នុងរាជធានីភ្នំពេញ

No comments:

Post a Comment