Friday, July 20, 2018

ក្រសួងទេសចរណ៍ ប្រកាសឱ្យវិស័យឯកជន ចូលរួមប្រកួតប្រជែងកម្មវិធី «ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញ ចលនាប្រឡងប្រណាំង «រង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៣ ឆ្នាំ២០១៨-២០១៩ ក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង​របស់ផ្នែកឯកជន​ដែល​ជា​សហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យ​ទេសចរណ៍នៅកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
តាមការប្រកាសរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, រង្វាន់ធុរកិច្ចបៃតង​នេះមាន០៧ ប្រភេទ ដូចខាងក្រោម៖
១- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន» (Environment Award)
២- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs» (3Rs Award)
៣- រង្វាន់សម្រាប់ ««ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌» (Social Welfare and Cultural Heritage Award)
៤- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ» (Best Workplace Award)
៥- រង្វាន់សម្រាប់ «សហគ្រិនដែលមានស្នាដៃឆ្នើម» (Entrepreneur Award)
៦- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ» (Beach Eco-Label Award)
៧- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ» (Khmer Product Usage Award)
ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះ ជាផ្នែកមួយចូលរួមដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញការអនុវត្តគោលការណ៍ «ទំនួលខុសត្រូវសង្គម» (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ «ភាពស្អាត និងបៃតង» ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើក​កម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។
ប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប អាចចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ដោយអាចស្វែងរកព័ត៌មានលម្អិត និងចុះឈ្មោះ​ចូលរួមប្រកួតប្រជែង (ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨) តាមរយៈគេហទំព័រ និងអ៊ីម៉ែល និងលេខទូរស័ព្ទ​ដូចខាងក្រោម៖
http://www.cambodiaecobusiness.org/kh/news/b46444d474x244a443
Email: cambodiaecobusiness@yahoo.com
លេខទូរស័ព្ទ៖ +(855) 12 999 197។

គណៈកម្មការនឹងធ្វើការវាយតម្លៃស្របតាមនីតិវិធី ហើយជ័យលាភីនឹងត្រូវប្រកាសនាឱកាសទិវាជាតិ​ទីក្រុងស្អាត ឆ្នាំ២០១៩ ៕




No comments:

Post a Comment