Friday, April 06, 2018

គណៈប្រតិភូអង្គការ Youth for Human Rights International កោត​សរសើរ​ និង​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតិអោយគណៈប្រតិភូអង្គការ Youth for Human Rights International ដឹកនាំដោយ លោកស្រី Mary Bernice Shuthworth ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការរៀបចំដំណើរទស្សនកិច្ចសិក្សាពិភពលោកលើកទី១៥ នៅខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្រៀនយុវជនអំពីសិទ្ធមនុស្ស​ នាទីស្តីការក្រសួងផែនការ នៅថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ។

នាឱកាសនោះ​ លោកស្រី Mary Bernice បានមានប្រសាសន៍ថា លោកស្រីធ្លាប់បានមកទេសចរណ៍នៅកម្ពុជាម្តងកាលឆ្នាំ២០១១ និងលើកនេះជាលើកទី២ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ លោកស្រី បានចូលទស្សនាសារៈមន្ទីរជាតិគុកទួលស្លែង លោកស្រី មានការតក់ស្លុត សោកសង្រេងយ៉ាងខ្លាំង ពីការកាប់សំលាប់យ៉ាងយ៉ង់ខ្នងព្រៃផ្សៃជាទីបំផុតរបស់ពួករបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើទារុណកម្ម សម្លាប់មនុស្សអស់រាប់លាននាក់។ លោកស្រី​បាន​បន្ត​ថាលោកស្រីមកកម្ពុជា កាលឆ្នាំ២០១១ និងឆ្នាំ២០១៨ ឥឡូវនេះ លោកស្រីមិននឹកស្មានថា ប្រទេសកម្ពុជាអាចរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សបំផុត លោកស្រី សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានសមិទ្ធិផលយ៉ាងត្រចះត្រចង់ដូច្នេះ ។

លោកស្រីបានបន្តទៀតថា ការរីកចម្រើនដូចកម្ពុជានេះ មិនមែនប្រទេសណាចេះតែធ្វើបាននោះទេ វាអាស្រ័យនឹងមនុស្សដឹកនាំ មនុស្សអស្ចារ្យ មានទេព្យកោសល្យខ្ពស់ពីធម្មជាតិ ជាក់ស្តែងប្រទេសកម្ពុជា មានលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជាប្រមុខដឹកនាំ ទើបកម្ពុជាអាចអភិវឌ្ឍខ្លួនបានជាយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ។

លោកស្រីទទួលស្គាល់ថាប្រទេសផ្សេងគ្នា បញ្ហាក៏ផ្សេងគ្នាដែរ ដូច្នេះបញ្ហាកម្ពុជា ទុកអោយកម្ពុជាជាអ្នកដោះស្រាយ លោកស្រីទទួលស្គាល់ថាកម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ហើយជឿជាក់ថា កម្ពុជានឹងរីកចម្រើនជឿនលឿនជាងនេះទ្វេរដង ។

លោកស្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលលោកស្រីយ៉ាងកក់ក្តៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោក​ស្រី​បាន​បញ្ជាក់​ថា​ លោកស្រីបានដើរទស្សនាតាមអគារ សាលារៀន សកលវិទ្យាល័យយ៉ាងច្រើននៅកម្ពុជា ដែលបានបង្ហាញពីការរីកចម្រើនខាងវិស័យអប់រំនៅកម្ពុជា លោកស្រីសង្កេតយ៉ាងដូច្នេះក៏ព្រោះតែលោកស្រីក៏ជាគ្រូបង្រៀនមួយរូប បង្ហាញពីបេះដូងពិតរបស់លោកស្រី អំពីការមើលឃើញជាក់ច្បាស់យ៉ាងដូច្នេះ។

លោកស្រី សូមគាំទ្រ ជំរុញ និងសង្ឃឹមយ៉ាងមុតមាំថា នៅសន្និសិទអង្គការសហប្រជាជាតិស្តីពីយុវជនអំពីសិទ្ធមនុស្ស ដែលប្រារព្វធ្វើឡើងនៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាខែមិថុនា ឆ្នាំ២០១៨ខាងមុខ នឹងមានតំណាងពីកម្ពុជាមួយរូបឡើងថ្លែងសន្ទរកថាស្តីពីវឌ្ឍនភាពរបស់កម្ពុជា និងយុវជនអំពីសិទ្ធមនុស្ស។



លោកទេសរដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ និងអំណរគុណចំពោះលោកស្រី Mary Bernice ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឃើញច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា មិនដូចក្រុមព័ត៌មានបំពុលមួយចំនួនបានផ្សព្វផ្សាយបំផ្លើសនោះទេ។​ កត្តារីកចម្រើនទាំងអស់ដែលលោកស្រីបានមើលឃើញនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ប្រមុខដឹកនាំកម្ពុជា និងកិច្ចសហការរបស់សហគមន៍អន្តរជាតិ ទើបកម្ពុជាអាចអភិវឌ្ឍរុងរឿងបានដូចសព្វថ្ងៃ។លោកបន្ដ​ថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍសហសតវត្សរ៍​ដោយជោគជ័យ និងបានកំពុងបន្តសម្រេចគោលដៅប្រកបដោយចេរភាពឆ្នាំ២០១៥-២០៣០ ដែលនាំអោយកម្ពុជាឈានទៅរកប្រទេសមានចំនូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ នាំកម្ពុជាឈានទៅរកប្រទេសមានចំនូលកម្រិតខ្ពស់។

លោកបន្ដ​ទៀត​ថា​ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលបានគាំទ្រ ដោះស្រាយបម្រែបម្រួលប្រជាសាស្ត្រ តាមរយៈការដាក់បញ្ចូលនូវឌីណាមិកប្រជាសាស្ត្រទៅក្នុងដំណើរការនៃការធ្វើផែនការអភិវឌ្ឍ ដោយគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឲ្យមានសិទ្ទិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងពន្យារកំណើត ហើយឲ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ។

ជាទីបញ្ចប់លោកទេសរដ្ឋមន្ត្រី ក៏​បានជូនពរលោកស្រី ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ទទួលបានសុខភាពល្អ និងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។

គូសបញ្ជាក់ថា ក្នុងឱកាសប្រារព្វខួបលើកទី៧០ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធមនុស្ស ឆ្នាំ២០១៨នេះ អង្គការYHRI នឹងធ្វើកម្មវិធីទស្សនកិច្ចសិក្សាទៅកាន់ប្រទេស Costa Rica , India , Mexico , Taiwan , the Gambia , USA , និងប្រទេសកម្ពុជា ពីថ្ងៃទី ០៣ ដល់ ១០ មេសា ឆ្នាំ២០១៨៕





No comments:

Post a Comment