Friday, April 06, 2018

ខេត្ត​កំពង់​ឆ្នាំង ​រៀប​ចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ​នៅសាលា​ខេត្ត​កំពង់​ឆ្នាំង មាន​រៀប​ចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោក​ ​ប៉ាវ​ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីប្រតិភូក្រសួងមហាផ្ទៃ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងប្រមាណ២០០នាក់។

នាឱកាសនោះ​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តមានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំងមានការរីកចម្រើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថិរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

យោងតាមអនុក្រឹត្យលេខ២៣១អនក្រ.តត ចុះថៃ្ងទី២៧ខែ កុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រកាសតែងតាំងលោក ​អម សុភា អតីតនាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង។​ បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមកលោក​ អម សុភា បានឡើងធ្វើការប្តេជ្ញាចិត្តថាលោក​នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាមួយ​បណ្តាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។​ ជាពិសេស​រួមចំណែកពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចឱ្យបានល្អប្រសើរ យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។

លោក​ ប៉ាវ ហមផាន បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អភិបាលរងខេត្តដែលទើបផ្ទេរភារកិច្ចឱ្យខិតខំបំពេញភារកិច្ចឱ្យបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលមានលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជាប្រមុខ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ជាពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្រ្តីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍនៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕










No comments:

Post a Comment