Wednesday, April 11, 2018

លោកស្រី​ ម៉ែន សំអន អញ្ជើញជាអធិបតីសម្ពោធក្រុមហ៊ុន ហ្គោបូអ៊ីស្ត អេនធើធេនម៊ិន( Gobo East Entertainment) នៅខេត្តព្រះសីហនុ

សីហនុ៖ លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន និងលោក យូ មីយីនស៊ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃប្រទេសមីយ៉ាន់ម៉ា ប្រចាំប្រទេសកម្ពុជា លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធដំណើរការសណ្ឋាគារ ហ្គោបូអ៊ីស្ត អេនធើធេនម៊ិន ( Gobo East Entertainment) មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុន Gobo East Entertainment ក្នុងវិស័យទេសចរណ៍ ស្របពេលដែលកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគគិន​បរទេសមកខេត្តព្រះសីហនុយ៉ាងគំហុក ។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងនូវជោគជ័យក្នុងការអនុវត្តនូវ​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានខិតខំទាក់ទាញការវិនិយោគក្នុង និងក្រៅប្រទេស បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ដល់វិនិយោគិន ធុរ:ជន ក្នុងវិស័យអចលនទ្រព្យ ដែលកំពុងបោះជំហានយ៉ាងលឿននៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា សណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណីតកម្ពស់ ៥ជាន់ ស្មើ ១២៣បន្ទប់ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗ វិនិយោគទឹកប្រាក់ ១៣លានដុល្លារ ជាសមិទ្ធផលថ្មីមួយ ទៀតរបស់ខេត្តព្រះសីហនុ ជាខេត្តភាគនីរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពល​ផ្នែកឧស្សាហកម្ម ទេសចរណ៍។ ជាការឆ្លុះបញ្ចាំងនៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដែល​រដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធ​ភាពនៅកម្ពុជា វិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី អបអរសាទរចំពោះសមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេច​ចិត្តវិនិយោគនៅ​ក្រុង-ខេត្តព្រះសីហនុ ។ អាជីវកម្មសណ្ឋាគារ និងកាស៊ីណូ ជាអាជីវកម្មស្របច្បាប់ដែលរាជរដ្ឋាភិបាល​អនុញ្ញាត ដើម្បីជំរុញវិស័យទេសចរណ៍បរទេសមកស្នាក់នៅ និងកំសាន្ត បម្រើដល់វិស័យសេវាកម្មកំសាន្ត និងទេសចរណ៍ ផ្ដល់ការងារជូនប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍ និងកាត់​បន្ថយភាពក្រីក្រ​ក្នុង​ខេត្តព្រះសីហនុ ក្រោម​ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បច្ចុប្បន្នប្រទេសយើងទទួលនូវស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ធានាបានសន្តិសុខស្បៀង និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកស្រី ឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈម​ដូចជា កង្វះធនធានមនុស្ស ខ្វះរមណីដ្ឋានកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធនៅទាន់ខ្សោយ និងកង្វះការផ្សព្វផ្សាយ​ជាដើម ម្យ៉ាងទៀតការសម្រេចចិត្តបើកសណ្ឋាគារ និងកាស៊ីណូជាជម្រើសដ៏ល្អ ព្រោះក្រុងនេះ ជាទីតាំង​យុទ្ធសាស្ត្រ​ដ៍ល្អ ជាប់មាត់សមុទ្រស្រស់ស្អាត មានកំពង់ផែអន្តរជាតិ និងអាកាសយាន្តដ្ឋានអន្តរជាតិ មានសក្កានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៍សំខាន់របស់កម្ពុជា ដូច្នេះភ្ញៀវទេសចរអន្តរជាតិជាច្រើនពិតជាចេញ ចូល និងស្នាក់នៅក្រុងព្រះសីហនុច្រើន និងចូលសម្រាក ស្នាក់នៅទីនេះច្រើនជាមិនខាន រក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ចំណូល និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងកាត់​បន្ថយ​ភាពក្រីក្រផងដែរ ៕




 





No comments:

Post a Comment