Wednesday, April 11, 2018

មន្រ្ដីសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយ ក្រុមការងារអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យការលក់ទំនិញ គ្រឿងឧបភោគបរិភោគនៅលើទីផ្សារក្រុងដូនកែវ

តាកែវ៖ អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ បានសហការជាមួយ ក្រុមការងារ អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យការលក់ទំនិញ គ្រឿងឧបភោគបរិភោគនៅលើទីផ្សារ ក្រុងដូនកែវ និងនៅតាមដេប៉ូចែកចាយស្រាបៀរ ១កន្លែង។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញប្រភេទសរសៃគុយទាវបាញ់កាញ់សរសៃធំ ដែលដាក់លក់នៅក្នុងផ្សារ ក្រុងដូនកែវ ប្រហែល៣០គីឡូក្រាម មានផ្ទុកសារធាតុគីមីបូរ៉ាក់ និងបានដកហូតយកមកកម្ទេចចោល ព្រមទាំង ចុះបិទទីតាំងផលិត កែច្នៃសរសៃគុយទាវដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នោះភ្លាមៗ ដែលមានទីតាំងនៅ ភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងនោះ មន្ត្រីជំនាញ ក៏បានធ្វើការដកហូតជាបណ្តោះអាសន្ន នូវសម្ភារៈផលិតមួយចំនួន របស់ម្ចាស់ទីតាំងយកមករក្សាទុកនៅសាលាឃុំលាយបូរ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ការចុះពិនិត្យរកឃើញសរសៃគុយទាវ ដែលមានផ្ទុកនៅសារធាតុគីមី ដែលកំពុងចរាចរលក់នៅលើទីផ្សារនេះ លោកបានស្នើសុំគោលការទៅ លោក អភិបាលខេត្តតាកែវ និងបានរាយការណ៍ពីលទ្ធផលដែលពិនិត្យឃើញ សរសៃគុយទាវមានសារធាតុគីមីបូរ៉ាក់ ជូនលោកអភិបាលខេត្ត ហើយលោកក៏បានបញ្ជាឲ្យមន្ត្រីជំនាញសហការជាមួយមន្ទីរឧស្សាហកម្ម និងអាជ្ញាធរ មូលដ្ឋាន បិទទីតាំងផលិតសរសៃគុយទាវខុសច្បាប់១កន្លែង ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នេះតែម្តង ៕



No comments:

Post a Comment