Wednesday, April 11, 2018

ខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០១៨

សីហនុ៖ ការងារត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៨ ត្រូវបានរៀបចំចាត់ចែងស្ទើរតែរួចរាល់ ទាំងស្រុងហើយនេះបើយោងតាមការបញ្ជាក់របស់អង្គភាពពាក់ពន្ធ័ទាំងឡាយក្នុង កិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារត្រៀមពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៨ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំមានប្រសាសន៏ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីផ្ទៀងផ្ទាត់ការងារដែលរដ្ឋបាលខេត្តបានដាក់អោយ មន្ទីរអង្គភាពពាក់ពន្ធ័ ជុំវិញខេត្តត្រៀមរៀបចំ ចាត់ចែងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែដែលនឹងប្រព្រឹត្តទៅនាថ្ងៃ១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះអោយបានដំណើរការដោយរលូននិងជោគជ័យ។

លោក គង់ វិតាណៈ បញ្ជាក់ថា ការងារដែលត្រូវតែធ្វើអោយបាននាពេលនេះរួមមាន៖
១.ការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនពលរដ្ឋនិងភ្ញៀវទេសចរ, ២.ការងារបរិស្ថាន អនាម័យ ពិសេសការគ្រប់គ្រងសំរាម, ៣.បញ្ហាថវិកាដែលត្រូវចំណាយ, ៤.ការចូលរួមរបស់រដ្ឋបាលក្រុង/ស្រុក, ៥.ការរៀបចំតុបតែងលម្អរផ្សេងៗតាមទីតាំងសំខាន់ៗមួយចំនួន។ ជាមួយគ្នានេះដែរ លោក គង់ វិតាណៈ ក៏បានស្នើអោយអង្គភាព នគរបាល អាវុធហត្ថ និងយោធា ត្រូវរួមគ្នាបំពេញភារកិច្ចក្នុងការកាពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ចរារាចរណ៏ ក្នុងរយៈពេលនៃពិធីបុណ្យនេះអោយបានល្អប្រសើរ។

ស្របពេលនោះដែរ លោក ក៏បាន សំណូមពរដល់ មន្ទីរ អង្គភាពទាំងឡាយត្រូវនាំគ្នាសំអាតទីតាំងដែលខ្លួន​ទទូលខុស​ត្រូវតាមការបែងចែករបស់រដ្ឋបាលខេត្តអោយបានស្អាតដើម្បីទទូលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរ​ដែលមកលេងកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសនៃរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​យើង​ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ជូនថា ដើម្បីជាការអបអរសាទរឆ្នាំថ្មី២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការ​ជាមួយ​សភាពាណិជ្ជកម្មខេត្តបានរៀបចំនូវព្រឹត្តិការណ៏ប្រគំតន្ត្រីរយៈពេលបីថ្ងៃដោយមានតារាល្បីៗចូលរួមសំដែងផងដែរ នៅទីតាំងឆ្នេរអូរឈើទាលក្រុងព្រះសីហនុ។ ក្រៅពីនោះក៏មានល្បែងប្រជាប្រិយ​ចំនួន១៨ប្រភេទទៀតត្រូវ​បាន​រៀបចំ​លេងកំសាន្តក្នុងឱកាសនោះដែរ ៕



No comments:

Post a Comment