Friday, April 20, 2018

អ្នកតំណាងរាស្រ្តខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដើម្បីបន្តថែរក្សាសន្តិភាព និងសមិទ្ធផលដែលកំពុងមាន

តាកែវ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានសំណូមពរដល់លោកតា លោកយាយ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ឲ្យបន្តចូលរួមជាមួយ​រាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្ត​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចម្រើន ដែលកំពុងកើត មានសព្វថ្ងៃទាំងក្នុងផែ្នកពុទ្ធចក្រ និងអាណាចក្រ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់កម្ពុជា។

លោក សុខ សូកាន បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធកាត់ខ្សែបូរ សាលាធម្មសភា កុដិ ហោត្រ័យ ក្លោងទ្វារ ចាក់សាប ជួសជុលព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តឧទុម្ពរ ភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ដែលអមដំណើរដោយ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ដោយសមិទ្ធផលទាំងនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរដោយបានចំណាយថវិកាអស់ ៣០៧,៨៥១ (សាមសិបម៉ឺនប្រាំពីរពាន់ប្រាំបីរយហាសិបមួយ) ដុល្លារសហរដ្ឋអាមេរិក។

លោក បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃអស់រយៈពេលជាង៣ទស្សវត្សរ៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រទេសកម្ពុជាមានភាពម្ចាស់ការពេញលេញ ក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ ខ្លួនដើម្បីស្វែងរក សន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរជូនប្រជាជនខ្មែរគ្រប់រូបពោលគឺ កម្ពុជាមានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។

លោក សុខ សូកាន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រូរតនសាសនមុនី លឹម គឹមឡុង ព្រះចៅអធិការវត្តឧទុម្ពរ ដែលនឹង ត្រូវផ្លាស់ទៅកាន់តំណែងជាព្រះមេគណខេត្តត្បូងឃ្មុំ ព្រះតេជគុណ គណៈកម្មការអាចារ្យវត្ត សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តឧទុម្ពរទាំងអស់ ដែលបានរួមគ្នាសម្រេច បាននូវសមិទ្ធផលជាច្រើនសម្រាប់បម្រើ ឲ្យវិស័យពុទ្ធសាសនានាថ្ងៃនេះ។

លោកបានថ្លែងថា ឈរលើមូលដ្ឋានសុខសន្តិភាពពេញលេញក្នុងផ្ទៃអាណាចក្រ កម្ពុជាមានឱកាសច្រើន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង ការបើកចំហសិទ្ធសេរីភាពខាងជំនឿសាសនា តាមរយៈ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរៀងមក ដែលមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យវិស័យសាសនានៅកម្ពុជា មានការរីកចម្រើនសម្បូរ បែបគួរឲ្យកត់សម្គាល់ និងមានសុខដុមនីយកម្មសាសនាគួរជាទីមោទនៈនិយាយជារួម និងនិយាយដោយឡែក ពុទ្ធសាសនាមានការ រីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលចំនួនវត្តអារាមមានការកើន ឡើងជាលំដាប់រហូតដល់ជាង ៤០០០វត្តនៅទូទាំងប្រទេស ដែលផ្ទុយស្រឡះពីការដឹកនាំក្នុងរបបវាលពិឃាត ប៉ុល ពត ដែលវិស័យ សាសនាបានធ្លាក់ចុះដល់ចំនុចសូន្យ ហើយវត្តអារាម ព្រះវិហារត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។

ក្នុងមតិសំណេះសំណាល លោកបានរំលឹកពីអនុស្សាវរីយ៍ និងដឹងគុណយ៉ាងខ្លាំងចំពោះពុទ្ធសាសនា ដែលបាន អប់រំ និងផ្តល់ចំណេះដឹងជាច្រើនដល់រូបលោកផ្ទាល់ក៏ដូចជាឳពុករបស់លោក សម្តេចវិបុលបញ្ញា សុខ អាន ដែល ធ្លាប់បានបួសរៀននិងស្នាក់អាស្រ័យមួយរយៈនៅទីវត្តអារាមក្នុងស្រុកគិរីវង់កន្លងមក។ បច្ចុប្បន្នស្រុក គិរីវង់ មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំ និងការចង្អុលបង្ហាញរបស់ សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ដែលជាស្រុកកំណើត របស់លោក ទទួលបានសមិទ្ធផលធំៗជាច្រើន ដែលបានរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដូចជាតាមរយៈមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ សហគមន៍កសិកម្ម និងសមិទ្ធផល ជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត រួមមាន វត្តអារាម ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម។

ដោយមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ លោកសង្ឃឹមយ៉ាងមុតមាំថា ផ្នែក ពុទ្ធចក្រ និងផ្នែកអាណាចក្រដែលមានក្រុមការងារឃុំសោម អាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ និងពុទ្ធបរិស័ទទាំង អស់ នឹងបន្តរួមសហការគាំទ្រគ្នាទៅវិញទៅមក ដើម្បីថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងសមិទ្ធ ផលថ្មីៗបន្ថែមទៀតដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះអាណាចក្រក៏ទទួលបាន ផលប្រយោជន៍ផងដែរ នៅពេលពុទ្ធចក្រមានការរីកចំរើន តួយ៉ាង វត្តអារាមដែលជាអត្តសញ្ញាណជាតិខ្មែរ គឺជាទីកន្លែងសក្ការៈសម្រាប់ លោកតា លោកយាយ សុំសីល និងជាមជ្ឈមណ្ឌលសហគមន៍ ដែលផ្សព្វផ្សាយ វប្បធម៌ ចំណេះដឹង ទំនៀមទំលាប់ ប្រពៃណី និងអប់រំមនុស្សឲ្យធ្វើអំពើល្អប្រកបដោយសីលធម៌និងសុជីវធម៌ ជាដើម។

ជាចុងក្រោយ លោកក៏បានបំពាក់មេដាយកិត្តិយសជូនដល់ព្រះគ្រូចៅអធិការ និងសប្បុសរជនមួយចំនួនផងដែរ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណឲ្យសមនឹងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងការចំណាយធនធានថវិកាផ្ទាល់ខ្លួនក្នុងការកសាងសមិទ្ធផលទាំងនេះផងដែរ ៕





















No comments:

Post a Comment