Friday, April 20, 2018

រដ្ឋាភិបាលដាក់ចេញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាព៨ចំណុច សំដៅបង្កើនល្បឿន កិច្ចការកែទម្រង់គ្រប់វិស័យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ការងារអាទិភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំនួន ៨ចំណុច សម្រាប់អនុវត្តនៅដំណាក់កាលទី៤ បន្ទាប់ខាងមុខនេះ ត្រូវបានធ្វើបទបង្ហាញដោយលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨ ដល់ ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា «ទិសដៅទៅមុខបន្តទៀតគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្តេជ្ញាសម្រេចឱ្យបាន នូវការងារជាអាទិភាព ជាយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅបន្តគាំទ្រដល់គោលដៅដ៏មុតស្រួច ក្នុងការបង្កើនល្បឿនកិច្ចការកែទម្រង់ក្នុងគ្រប់វិស័យ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។

ការងារអាទិភាពទាំង៨ចំណុចនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ដំណាក់កាលបន្ទាប់ខាងមុខរួមមាន៖

ទី១- ការធានាចីរភាព នៃភាពជឿទុកចិត្តបាននៃថវិកា តាមរយៈការធ្វើស្ថាប័ននីយកម្មនៃយន្តការគៀងគរចំណូល ព្រមទាំងការរិះរកចំណូលថ្មីៗ ជាពិសេសតាមរយៈការរៀបចំ និងអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣។
ទី២- ការដាក់ឱ្យអនុវត្តពេញលេញនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី៣- ការពង្រឹងបន្ថែម នូវការផ្សាភ្ជាប់ថវិកាទៅនឹងកម្មវិធី ដើម្បីគ្រប់គ្រងប្រសិទ្ធភាពចំណាយ និងតម្រង់ការវិភាជថវិកាសម្រាប់អនុវត្តអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល
ទី៤- ការបន្តពង្រឹង និងពង្រីកតម្លាភាព និងគណនីយភាពថវិកា
ទី៥- ការរៀបចំ និងដាក់ឱ្យអនុវត្ត នូវយុទ្ធសាស្ត្រ និងកិច្ចការកែទម្រង់ ដែលនៅខ្វះចន្លោះ សំដៅបំពេញបន្ថែមដល់យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដូចជា៖
– យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ
– ក្របខណ្ឌសម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ
– យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ និង
– ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីរសារពើពន្ធតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាដើម
ទី៦- ការត្រៀមខ្លួនឆ្ពោះទៅដាក់ឱ្យអនុវត្តនូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម
ទី៧- ការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តវិធានការលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពកែទម្រង់ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី៨- ការពង្រឹងភាពប្រទាក់ក្រឡាជាមួយនឹងការកែទម្រង់សាធារណៈពីរផ្សេងទៀត គឺការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ផ្អែកតាមផែនការរបស់យើង កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ នឹងអាចចាប់ផ្តើមអនុវត្តខឿន និងដំណាក់ការទី៤ នៅពាក់កណ្តាលអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៦ ខាងមុខ»៕






No comments:

Post a Comment