Friday, April 20, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត ក្នុងការដឹកនាំជំរុញការអភិវឌ្ឍប្រទេស

ថ្លែងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការ អនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅក្នុងការងារដឹកនាំជំរុញការអភិវឌ្ឍប្រទេសជាតិ សន្តិភាព និង ស្ថិរភាពនយោបាយ ត្រូវបានចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ ជំរុញឱ្យមានវឌ្ឍនភាព, ការអភិវឌ្ឍ និង វិបុលភាព នៅក្នុងសង្គមជាតិ។

លោកនាយករដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នេះសម្រេចបាន ក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេស ចំពោះវឌ្ឍនភាពថ្មីៗ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលការកែទម្រង់ ស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័ស, ទាំងនៅក្នុង និង ក្រៅប្រទេស។ លោកបានហៅថា សភាពការណ៍ប្រែប្រួលនេះថា ជាសភាពការណ៍ចល័ត។ ប្រការនេះ បានផ្តល់ឱកាសឱ្យកម្ពុជាបន្តការងារកែទម្រង់ផង និង ធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ» របស់ខ្លួនផង ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និងបំណងប្រាថ្នាកើនឡើងឥតឈប់ឈរ របស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ ដំណាក់កាល ២ សំខាន់ៗ ក្នុងការគាំទ្រនូវការសម្រេច ឤទិភាពគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈកាន់តែលំបាក និង កាន់តែស្មុគ្រស្មាញឡើង។

តាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឤណត្តិនេះ កម្ពុជាសម្រេច បាននូវបង្គោលចរដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ញេលគឺ ការប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប, ហើយកំពុងធ្វើដំណើរេឆ្ពាះទៅសម្រេចការចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅក្នុងពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបន្តថា សក្កានុពលសេដ្ឋកិច្ចកម្ពុជា ត្រូវបានទទួលស្គាល់ និងចាត់ទុកថាជា ខ្លាសេដ្ឋកិច្ច ថ្មីមួយក្នុងតំបន់ឤស៊ី ។ ច្បាស់ណាស់ថា, នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ, ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ គឺ ជាយន្តការ និង ជាឧបករណ៍មិនឤចខ្វះបាន, មិនត្រឹមតែ ក្នុងការសម្រេចបានគោលដៅខាងលើបុណ្ណោះទេ ប៉ុន្តែ សម្រាប់ការខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ផងដែរ ៕








No comments:

Post a Comment