Tuesday, March 13, 2018

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធី បញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានាក្នុងវត្តបឹងខ្នារដាក់អោយប្រើប្រាស់ជាផ្លូវការ

កំពង់ឆ្នាំង៖ សមិទ្ធផលនានាក្នុងវត្តបឹងខ្នារស្ថិតក្នុងភូមិវត្តឃុំខ្នាឆ្មារស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចំណាយទឹកប្រាក់កសាងអស់ចំនួន៧៦២.៧៦៣ដុល្លារ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការ​អញ្ជើញ​ចូលរួមពី លោក លោកស្រី ប្រតិភូក្រសួងការពារជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាព​ជុំវិញខេត្ត កាកបាទក្រហម កាយរឹទ្ធ ស.ស.យ.ក ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ចូលរួមចំនួន ២១៣២នាក់។

តាមរបាយការណ៍ស្វាគមន៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សមិទ្ធផលនានា​ដែលសម្ពោធអោយប្រើប្រាស់ជាផ្លូវការណ៍ថ្ងៃនេះរួមមាន សាលាធម្មសភា របងវត្ត ខ្លោងទ្វារ បង្គន់ អាងទឹក ព្រះវិហារ។ល។ សរុបអស់ថវិកាចំនួន ៧៦២.៧៦៣ដុល្លារ។ លោកឈួរ ច័ន្ទឌឿន បានថ្លែងអំណរគុណយ៉ាង​ជ្រាវជ្រៅ​ដល់លោកឧបនាយករដ្ឋមន្រ្ដី  ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ​ព្រមទាំងសប្បុរសជន​ដែលបានជួយកសាងវត្តបឹងខ្នារសំរាប់ទុកអោយប្រជាជនប្រើប្រាស់ និងគោរពបូជា​សូមមានសុខភាព​ជួប​ប្រទះតែ និងសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បាន ថ្លែងនូវការ កោតសរសើរ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អាជ្ញាធរដែនដី ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា កសាងបាននូវសមទិ្ធផលជាច្រើនក្នុងទីអារាមនេះ។ លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល ៣៩ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា កម្ពុជាមានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹកស្មានមិនដល់ ។ ពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុង​អភិវឌ្ឍន៍មានការរីក​ចំរើន​លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រហើយការរីកចំរើន​ទាំងនេះបានដោយសារការដឹក​នាំដ៏​ឈ្លាសវៃ​ប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ដែលជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស​នយោបាយឈ្នះឈ្នះលោកជានាយករដ្ឋមន្រ្តីបានធ្វើប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់​អប្បគមន៍គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ។

នៅចុងបញ្ចប់លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានបំពាក់គ្រឿងឥស្សរិយយសជូន​ដល់ព្រះចៅ​អធិការវត្ត​បឹងខ្នារ និងឧបត្ថម្ភថវិកាដល់សមត្ថកិច្ច និងយាយជីតាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទ​ក្រហម កាយរិទ្ធ ស.ស.យ.កស្រុក និងបានកាត់ខ្សែបូណ៌សម្ភោធសមិទ្ធផលនានា និងកាត់ខណ្ឌសីមាព្រះវិហារ​ក្នុងវត្តបឹងខ្នារដាក់អោយប្រើប្រាស់ចាប់ពីថៃ្ងនេះតទៅផងដែរ ៕









No comments:

Post a Comment