Friday, January 12, 2018

សង្ខេបលទ្ធផល និងសមិទ្ធផលជាផ្លែផ្កាសំខាន់ៗនៃសេចក្តីប្រកាសរួមកម្ពុជា-ចិន ចំនួន៦ចំណុចធំៗ

កិច្ចប្រជុំកំពូលថ្នាក់តំបន់មេគង្គ-ឡានឆាង លើកទី២ កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានទទួលនូវភាពជោគជ័យ និងសម្រេចសមិទ្ធិផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ដូចជា៖

ទី១- បានទទួលជោគជ័យយ៉ាងធំធេង និងបានជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

ទី២- ភាគីចិនគោរពនូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានគាំទ្រយ៉ាងមោះមុតបំផុតចំពោះប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍជាតិស្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា។ ភាគីចិននឹងផ្ដល់ជំនួយចាំបាច់ដល់កម្ពុជា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ ប្រជាជនកម្ពុជានឹងទទួលបានវឌ្ឍនភាពថ្មីៗថែមទៀត ក្នុងការកសាងជាតិ មាតុភូមិ ក្រោមម្លប់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមានាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ។

ភាគីកម្ពុជា បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជោគជ័យយ៉ាងពេញលេញនៃមហាសន្និបាតជាតិលើកទី១៩ របស់បក្សកុម្មយនីស្ដចិន និងសូមវាយតម្លៃខ្ពស់ចំពោះគំនិតរបស់ លោក ស៊ី ជីនពីង ស្ដីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មី ដែលជាមគ្គុទេសក៏ដឹកនាំសកម្មភាពបក្សទាំងមូល ហើយសូមសម្ដែងនូវការជូនពរដោយស្មោះ និងការជឿជាក់ថា ប្រជាជនចិន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលមានលោក ស៊ី ជីនពីង ជាអគ្គលេខាធិការបក្ស និងជាអ្នកដឹកនាំស្នូល នឹងធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ដើម្បីទៅរក «គោលដៅ មួយរយឆ្នាំទាំងពីរ» ហើយនិងអភិវឌ្ឍប្រទេសចិន ឱ្យទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត។ ភាគីកម្ពុជា បានអះអាងសាជាថ្មី អំពីជំហរកម្ពុជា ក្នុងការប្រកាន់យ៉ាងម៉ឹងម៉ាត់នូវនយោបាយចិនមួយ និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។

ទី៣- ការទំនាក់ទំនងទ្វេភាគី នៅក្នុងរយៈពេល៦០ឆ្នាំ កន្លងមក ចាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងក្រោមកិច្ចប្រឹងប្រែងរួមនៃប្រទេសទាំងពីរ ចំណងមិត្ដភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានបន្ដជំរុញ និងធ្វើឱ្យកាន់តែប្រសើរឡើង។ ទំនាក់ទំនងកម្ពុជា-ចិន ដែលមានភាពគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍស៊ីជម្រៅ បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រជាជនទាំងពីរ និងចូលរូមចំណែកជាវិជ្ជមានដល់សន្ដិភាព និងវិបុលភាព ក្នុងតំបន់ និងសាកលលោក។ ភាគីទាំងពីរឯកភាពមតិគ្នាថា ការលើកកំពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែធំធេង និងស៊ីជម្រៅ គឺស្របទៅតាមគោលបំណងចង់បានរួម និងផលប្រយោជន៍ស្នូលរបស់ប្រជាជនទាំងពីរ ហើយបង្កបរិយាកាសអំណោយផលដល់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ភាគីទាំងពីរ នឹងបន្ដរក្សាប្រពៃណីកន្លងមក និងឆ្លៀតយកឱកាសខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ដើម្បីពង្រឹងសហគមន៍មួយវាសនារួមកម្ពុជា-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ដ្រ។

ទី៤- បានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នៅសករាជថ្មីតាមវិស័យដូចខាងក្រោម៖

៤-១ បន្តការប្រាស្រ័យទាក់ទងគ្នាកំរិតខ្ពស់ឱ្យបានជិតស្និទ្ធ លើកកម្ពស់ការធ្វើទំនាក់ទំនងគ្នាជាយុទ្ធសាស្ត្រ និងគិតគូរអំពីទិសដៅទូទៅនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន។ ចិននឹងជួយសម្រួលដល់ការពិនិត្យសុខភាព ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាផ្សេងៗទៀត នៅប្រទសចិន និងការធ្វើដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំទៅវិញទៅមកតាមពេលវេលាសមស្រប។

៤-២ ការអនុវត្តឱ្យបានពេញលេញនូវតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ រវាង កម្ពុជា និងចិន និងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការលើកទី៥ ឱ្យបានទាន់ពេលវេលា ដើម្បីជំរុញការដឹកនាំម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសទាំងពីរ ក្នុងនាមជាស្ថាប័ននាំមុខនៃគណៈកម្មាធិការនេះ គួរបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអនុវត្តផែនការសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីថែមទៀត និងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ថិតក្រោមបរិបទថ្មីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

៤-៣ រក្សាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតលើវិស័យការពារជាតិ និងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាដូចជា៖ វគ្គបណ្តុះបណ្តាលឧបករណ៍ សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស បទល្មើសតាមបណ្តាញព័ត៌មានវិទ្យា ភេរវកម្ម ក៏ដូចជាការប្រឆាំងការរត់ពន្ធគ្រឿងញៀន កសាងសមត្ថភាពការអនុវត្តច្បាប់ និងការស៊ើបអង្កេតបទល្មើសនានា។

៤-៤ ពន្លឿនការបន្ស៊ីគ្នាប្រកបដោយប្រសិទ្ធភាព រវាង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» និងផែនការប្រាំឆ្នាំលើកទី១៣ របស់ចិន ជាមួយនឹងយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសមត្ថភាពផលិត និងវិនិយោគ។ បានឯកភាពប្រគល់តួនាទីដឹកនាំពេញលេញដល់គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលទាំងពីរ គាំទ្រសហគ្រាស នៃប្រទេសទាំងពីឱ្យមានកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ និងរយៈពេលវែង។ ការបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រេចគោលដៅពង្រីកទំហំពាណិជ្ជកម្មឱ្យដល់ ៦ប៊ីលានដុល្លារអាមេរិមក នៅឆ្នាំ២០២០ តាមផែនការ។

ភាគីចិន នឹងរៀបចំសកម្មភាពលើកម្ពស់ពាណិជ្ជកម្ម និងពង្រីកការនាំចូលពីកម្ពុជា។ ភាគីចិន ស្វាគមន៍រាជរដ្ឋាភិបាល និងសហគ្រាសកម្ពុជា ទៅចូលរួមពិពរណ៍នាំចូលអន្តរជាតិលើកដំបូង របស់ចិននៅប្រទេសចិន។ ភាគីចិនស្វាគមន៍ផលិតផលកសិកម្មកម្ពុជាជាច្រើនមុខថែមទៀត ដែលឆ្លើយតបនឹងស្តង់ដារត្រួតពិនិត្យ និងចត្តាឡីស័ករបស់ចិន និងតម្រូវការអ្នកប្រើប្រាស់ ចូលទៅទីផ្សារចិន ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកអនាម័យ និងភូតគាមអនាម័យ។ ភាគីចិន នឹងបន្តជួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យនានា ដូចជាការដឹកជញ្ជូន ការសន្សំទឹក ការបោសម្អាតមីន សេវាអប់រំ និងវេជ្ជសាស្ត្រ ជំរុញយ៉ាងសកម្មលើការសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅភ្នំពេញ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងផ្សេងៗទៀត ដែលពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជន។

ភាគីទាំងពីរ និងជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ គាំទ្រក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ និងជឿទុកចិត្តបាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានទឹក និងឋាមពល ទូគមនាគមន៍ ឧស្សាហកម្ម និងទេសចរណ៍ ជំរុញការសាងសង់ និងប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងចូលរួមយ៉ាង សកម្មក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប។

បានឯកភាពគ្នាជំរុញយ៉ាងពេញលេញទំហំនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍កសិកម្មទំនើបជាតិកម្ពុជា បង្កើតសួនតាំងបង្ហាញ និងកិច្ចសហប្រតិបត្តិការកសិកម្មទំនើប និងតំបន់កែច្នៃផលិតផលកសិកម្ម ជំរុញការអភិវឌ្ឍការកែច្នៃការទុក និងឡូជីស្តុក សម្រាប់ផលិតផលកសិកម្មកម្ពុជា និងពង្រីកចង្វាក់ឧស្សាហកម្មសម្រាប់បើវិស័យកសិកម្ម។

ទី៥- ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាអធិបតីនៃការចុះហត្ថលេខាលើឯកសារចំនួន១៩សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

ទី៦- ភាគីទាំងពីរយល់ថា លទ្ធផលដ៏សំខាន់ និងប្រកបដោយផ្លែផ្កានៃទស្សនកិច្ចនេះ បានពង្រីងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនបន្ថែមទៀត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន និងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត៕








No comments:

Post a Comment