Friday, January 12, 2018

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យ​ដឹងថា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ គឺបានប្រព្រឹត្តទៅ​ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីឆ្លងនូវរបៀបវារៈសំខាន់ៗចំនួន៣។

របៀបវារៈទី១- គឺសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ ទី២- របាយការណ៍​ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ ដែលបាន​ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ ទី៣- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តីដើម្បីសុំសច្ចាប័ននីតិប្បញ្ញត្តិលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ -វៀតណាម។

ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីបាន​សម្រេចអនុម័ត៖
១-សេចក្តីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន នៅក្នុងការងារនេះ ជាពិសេសសម្រេចបានជាសារវ័ន្តនូវជំហានទី១ គឺ «ភាពជឿទុកចិត្តបាននៃថវិកា» និងជំហានទី២ គឺ «គណនេយ្យភាពហិរញ្ញវត្ថុ»។ បច្ចុប្បន្ននេះការអនុវត្តជំហានទី៣ គឺ «ការផ្សាភ្ជាប់ថវិកាទៅនឹងគោល នយោបាយ» នឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ មុននឹងបន្តអនុវត្តជំហានទី៤គឺ «គណនេយ្យភាពសមិទ្ធកម្ម» ចាប់ពីឆ្នាំ២០២១ ទៅដល់ ឆ្នាំ២០២៥។
យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ រៀបចំឡើងផ្តោតជាសំខាន់ ទៅលើ ១.ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា ដោយឈរលើមូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ២.យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ និង ៣.ផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្ត្រឆ្នាំ២០២៥។
ឯកសារយុទ្ធសាស្ត្រនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកា ពហុឆ្នាំជាអាទិ៍ ឈាន ទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិកម្មនៃការត្រួតពិនិត្យការបើកផ្តល់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ចំណែកការទូទាត់សាច់ប្រាក់នឹងធ្វើតាម រយៈការផ្ទេរតាម ប្រព័ន្ធ អេឡិចត្រូនិច (E-Transfer)។
២-របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។
សម្រាប់ការត្រួតពិនិត្យ​ឡើងវិញលើគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី២ មាន គោលដៅត្រួតពិនិត្យ​វាយតម្លៃឡើងវិញ អំពីវឌ្ឍនភាពនៃស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងការកែទម្រង់ពាក់ព័ន្ធនានា ក្រោយ​ពេលដែលកម្ពុជា បានក្លាយជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។ ការត្រួតពិនិត្យឡើងវិញនេះ ត្រូវបានធ្វើលើកទី១នៅឆ្នាំ២០១១។
នៅក្នុងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ គឺផ្តោតលើ ១.វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ២.ប្រាក់ចំណូល សុខុមាលភាព និងភាពងាយរងគ្រោះ ៣.ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ និង ៤.ពាណិជ្ជកម្ម អភិវឌ្ឍន៍ និងដៃគូអភិវឌ្ឍន៍។
៣- បញ្ហាផ្សេងៗ៖ អង្គប្រជុំ បានអនុម័តបញ្ជូនទៅសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ នូវកិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ -វៀតណាម។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រីបាន ហ៊ុន សែន បានប្រកាសពន្យារ១០ថ្ងៃ​ទៀត សម្រាប់ការតាំងពិព័រណ៍សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី២ ដែលមានទីតាំង​ក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីអនុញ្ញាត ឱ្យប្រជាពលរដ្ឋ និងសិស្ស-និស្សិត បានចូលទស្សនា។
ក្រៅពីនេះលោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសបង្កើត និងអនុវត្តមូលនិធិត្រីចក្រយាន (ស៊ីក្លូ) ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តទៅ៕



No comments:

Post a Comment