Wednesday, September 27, 2017

លោក Trump ចង់​បញ្ចៀស​សង្រ្គាម​នុយ​ក្លេ​អ៊ែរ​ជា​មួយ​នឹង​កូរ៉េ​ខាង​ជើង​

រដ្ឋ​មន្រ្តី​រត​នា​គារ​អា​មេ​រិក លោក Steve Mnuchin កាល​ពី​ថ្ងៃ​​អាទិត្យ​បាន​និយាយ​ថា ប្រ​ធា​នា​ធិប​តី Donald Trump ចង់​បញ្ចៀស​សង្រ្គាម​នុយ​ក្លេអ៊ែរ​ជា​មួយ​នឹង​កូរ៉េ​ខាង​ជើង​ ហើយ​ «​នឹងធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន» ដើម្បី​បញ្ចៀស​ជម្លោះ​នេះ។

លោក Mnuchin បាន​និយាយ​តាម​សារ​ព័ត៌​មាន ABC ថា «​ខ្ញុំ​អាច​ធានា​ចំពោះ​អ្នក​ថា អាទិ​ភាព​ទី​១​ របស់​ប្រ​ធា​នា​ធិប​តី គឺ​សុវត្ថិ​ភាព​របស់​ប្រ​ជា​ជន​អា​មេ​រិក និង​សម្ព័ន្ធ​មិត្ត​របស់​យើង។ ប្រ​ធា​នា​ធិប​តី​មិន​ចង់​ឱ្យ​មាន​សង្រ្គាម​នុយក្លេ​អ៊ែរ​​ទេ ហើយ​យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​យើង​អាច​ធ្វើ​ឱ្យ​ប្រាកដ​ថា រឿង​នោះ​នឹង​មិន​កើត​ឡើង​ទេ»។

លោក Trump បាន​បង្កើន​ពាក្យ​សម្តី​ប្រ​ឆាំង​នឹង​កូរ៉េ​ខាងជើង​ម្តង​ទៀត​កាល​ពី​ចុង​សប្តាហ៍​ ដោយ​បានព្រ​មាន​រដ្ឋ​មន្រ្តី​ការ​បរ​ទេសរបស់​​ប្រ​ទេស​នេះថា គាត់ និង​មេ​ដឹក​នាំ Kim Jong Un «​នឹងនៅ​​មិន​បាន​យូរ​តទៅ​ទៀត​ទេ» នៅពេល​ដែល​ទី​ក្រុង​ព្យុង​យ៉ាង​វាយ​ប្រ​ហារ​យ៉ាង​គំហុក​លើ​សម្ព័ន្ធ​មិត្ត​របស់​អាមេ​រិក។

រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង លោក Ri Yong Ho បាន​ប្រាប់​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​វាយ​ប្រ​ហារ​លើ​អាមេ​រិក​ដី​គោក​ជា​មួយ​នឹង​រ៉ុក្កែត​របស់​ខ្លួន​ គឺ​ចៀស​មិន​រួច​ឡើយ បន្ទាប់​ពី​ «​ប្រ​ធានា​ធិប​តីបី​សាច» Trump បាន​ហៅ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ថា «​មនុស្ស​ចូល​ចិត្ត​រ៉ុក្កែត​» ស្ថិត​នៅ​ក្នុង​បេសកកម្ម​មួយ​ដែល​ធ្វើ​អត្ត​ឃាត​ខ្លួន។

លោក Trump បាន​និយាយ​តាម Twitter កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា «​ទើប​តែ​បាន​ឮ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​និយាយ​នៅ​អង្គ​ការ​សហ​ប្រ​ជាជាតិ​ គាត់​បាន​បន្ទរ​តាម​មនុស្ស​ដែល​ចូល​ចិត្ត​រ៉ុក្កែត (Little Rocket Man) ថា ពួក​គេ​នឹង​មិន​នៅ​វែង​ឆ្ងាយ​ប៉ុន្មាន​ទេ»។

លោក Mnuchin កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ព្យាយាម​និយាយ​សម្រាល​ស្ថាន​ការ​ណ៍​ចំពោះ​​ការ​លើក​ឡើង​របស់​លោក Trump។

គាត់​បាន​និយាយ​តាម​សារ​ព័ត៌​មាន ABC ថា «​ប្រ​ធា​នា​ធិប​តី​មិន​ចង់​ឱ្យ​មាន​សង្រ្គាម​នុយក្លេ​អ៊ែរ​​ទេ ហើយ​យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​យើង​អាច​ធ្វើ​ឱ្យ​ប្រាកដ​ថា រឿង​នោះ​នឹង​មិន​កើត​ឡើង​ទេ»។ ម្យ៉ាង​វិញ​ទៀត ប្រ​ធា​នា​ធិប​តី​នឹង​ការ​ពារ​ប្រ​ជា​ជន​អា​មេ​រិក និង​សម្ព័ន្ធ​មិត្ត​របស់​យើង»។

ក្រុមអ្នក​វិ​ភាគ​បាន​និយាយ​ថា ការ​តម្លើង​កម្តៅ​ពាក្យ​សម្តី​ គឺ​កំពុង​តែ​បង្កើន​ហានិភ័យ​ដោយ​សារ​តែ​ការ​គិត​ខុស ដោយ​ភាគី​ម្ខាង ឬភាគី​ដទៃ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ផល​វិ​បាក​កាន់​តែ​ធ្ងន់​ធ្ងរ។

ទូរ​ទស្សន៍​រដ្ឋ KRT របស់​កូរ៉េ​ខាង​ជើងបាន​ចាក់​ផ្សាយ​វីដេ​អូ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បង្ហាញ​ប្រ​ជា​ជន​រាប់​ពាន់​នាក់​ចូល​រួម​ប្រ​ឆាំង​នឹង​សម្ព័ន្ធ​មិត្ត​របស់​អា​មេ​រិកនៅ​ឯ​ទី​លាន​ Kim Il Sung ក្នុង​ទី​ក្រុង​ព្យុង​យ៉ាង។

ទីភ្នាក់​ងារ​ព័ត៌​មាន KCNA ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ប្រ​ជា​ជន​ជាង ១០០.០០០ នាក់​បាន​ប្រ​មូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៏ និង​បាន​ថ្លែង​សុន្ទរ​កថា​គាំទ្រយោ​បល់​​របស់​លោក Kim កាល​ពី​ដើម​សប្តាហ៍​នេះ។

ទីភ្នាក់​ងារ​ព័ត៌​មាន KCNA បាន​ស្រង់​សម្តី​លោក Ri Il-bae ដែល​ជា​មេ​​បញ្ជាការនៃ​កង​ការ​ពារ​ពិ​សេសបាន​និយាយ​ថា «​យើង​កំពុង​តែ​រង់​ចាំ​ពេល​វេលា​ដែល​សម​ស្រប​ដើម្បី​ប្រ​យុទ្ធ​ចង់​ក្រោយ​ជា​មួយ​អា​មេ​រិក ដែល​ជា​ចក្រ​ភព​ដ៏​អាក្រក់​ និង​ដក​អា​មេ​រិក​ចេញ​ពី​ពិ​ភព​លោក។ នៅពេល​ដែល​អគ្គ​មេ​បញ្ជាការ​ Kim Jong Un ចេញ​បញ្ជា​ យើង​នឹង​បំផ្លាញ​ក្រុម​ពួក​ឈ្លាន​ពាន»៕

ប្រភព៖​ Reuters ចុះថ្ងៃទី២៥ ខែ​​​​​​កញ្ញា​​​ ឆ្នាំ២០១៧



No comments:

Post a Comment