Wednesday, September 27, 2017

លោក ហ៊ុន សែន លើកឡើងជាថ្មីពីកត្តា៥យ៉ាងដើម្បីលើកកម្ពស់ការងារ និងជំរុញគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ!

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាអ្វីដែលទទួលបានសព្វថ្ងៃនេះមិនមែនធ្លាក់ពីលើមេឃទេ ហើយក៏មិនមែនមកពីបក្សប្រឆាំងដែរ ពោលគឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ការងារ និងជំរុញគោលនយោបាយឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ តំបន់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំណុចគន្លឹះ៥យ៉ាងដែលលោក លើកឡើងនោះ រួមមាន ទី១-ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ទី២- រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម ទី៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការខិតខំបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំឱ្យកម្មករភ័យខ្លាចពីការបាត់បង់ការងារ និងប្រាក់ចំណូល ទី៤- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ គឺចាប់ពីខែ មករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ គឺបងប្អូនអាចចំណេញ ថវិកា ៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ និងទី៥- ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលធ្វើការនៅក្រៅប្រទេសតាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាដៃគូដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូលខ្ពស់ និងលក្ខខណ្ឌការងារល្អៗដល់ក្មួយៗកម្មករ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំជាមួយបងប្អូនកូនក្មួយកម្មករ កម្មការនីទាំងអស់គ្នា ដើម្បីស្វែងយល់ពីតម្រូវការ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជោគជ័យ និងបានសម្តែងការជឿជាក់ថា កម្មករ កម្មការិនីទាំងអស់ពិតជាបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕






No comments:

Post a Comment