Wednesday, September 27, 2017

លោក ហ៊ុន សែន មានមោទនភាពយ៉ាងខ្លាំង ដែលបានរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជា តាំងពីប្រទេសនៅជាគំនរផេះផង់

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោក មានមោទនភាពខ្លាំងណាស់ ដែលបានរួមដំណើរជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា តាំងពីប្រទេសនៅជាគំនរផេះផង់រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ តំបន់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្វីៗដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូលមានសព្វថ្ងៃនេះ គឺដូចជាកូនបង្កើតរបស់លោកដែលលោកបានបង្កើតឡើងដោយផ្ទាល់។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកបានធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស តាំងពីលោកមានអាយុជាង២៦ឆ្នាំមកម្ល៉េះ គឺតាំងពីទីក្រុងភ្នំពេញមានមនុស្ស៧០នាក់ បានរួមដំណើរជាមួយយាយតាឱពុកម្តាយរបស់ក្មួយៗរហូតដល់សព្វថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា តម្រូវការអភិវឌ្ឍរីកចម្រើនសម្រាប់កម្ពុជា ក៏ដូចជាតម្រូវការសម្រាប់មនុស្សម្នាក់ៗផងដែរ គឺមិនចេះចប់នោះឡើយ ចង់បាននេះហើយ ចង់បាននោះ សំខាន់ឱ្យតែតម្រូវការទាំងនោះស្របច្បាប់។ លោកបន្តថា ប្រទេសកម្ពុជាយើងក៏មិននៅត្រឹមប៉ុណ្ណេះដែរ គឺនឹងត្រូវមានការអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តទៀត៕





No comments:

Post a Comment