Wednesday, September 27, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងជាថ្មីថា អ្វីដែលទទួលបានសព្វថ្ងៃនេះមិនមែនធ្លាក់ពីលើមេឃទេហើយក៏មិនមែនមកពីបក្សប្រឆាំងដែរ

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាអ្វីដែល​ទទួលបានសព្វថ្ងៃនេះមិនមែនធ្លាក់ពីលើមេឃទេ ហើយក៏មិនមែនមកពីបក្សប្រឆាំងដែរ  ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ តំបន់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជា ទទួលបានសព្វថ្ងៃនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់កម្មករ កម្មការិនីផ្ទាល់ និងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលទាំងអស់​នេះ​ពុំមែនធ្លាក់មកពីលើមេឃ ឬការសន្យាខ្យល់របស់បក្សប្រឆាំងនោះឡើយ។

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានការ​អភិវឌ្ឍ​ទៅ​មុខជាលំដាប់ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេស មានចំណូមមធ្យមកម្រិតទាប និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងខ្លាំងណាស់តាមរយៈការសុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា សុំឱ្យគេផ្តល់ជំនួយដល់កម្ពុជា សុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា និងគោលនយោបាយជួយសម្រួលពន្ធដារដល់វិនិយោគិនជាដើម។ ដោយឡែកសម្រាប់បក្សប្រឆាំងវិញ បែរជាប្រព្រឹត្តទង្វើផ្ទុយពីការខិតខំរបស់រាជរដ្ឋាភិបាលតាមរយៈការអំពាវនាវកុំបីគឺកុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជាជាដើម ដែលទង្វើទាំងអស់នេះគឺជាការសម្លាប់ជីវិតកម្មករ កម្មការិនីខ្មែរយើង៕





No comments:

Post a Comment