Wednesday, September 27, 2017

រកឃើញកូនត្រយ៉ងយក្សដែលជាប្រភេទសត្វ​ជិត​ផុត​ពូជ​បំផុត​ចំនួន ០២ក្បាល​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា

យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយអង្គការ WCS កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការ WCS បានរកឃើញសំបុកសត្វត្រយ៉ងយក្សដែលមានកូនចំនួន០២ក្បាល ជាលើកដំបូងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគីរី។ ការរកឃើញនេះ ធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាទីជម្រកពងកូនមួយក្នុងចំណោមទីជម្រកពងកូនសេសសល់តិចតួចសម្រាប់សត្វត្រយ៉ងយក្សនេះនៅកម្ពុជា។

ត្រយ៉ងយក្ស ជាសត្វស្លាបតំណាងឱ្យប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវារស់នៅតែក្នុងប្រទេសកម្ពុជា និងតិចតួចប៉ុណ្ណោះមានរស់នៅក្នុងប្រទេសឡាវ និងវៀតណាម។ សត្វត្រយ៉ងយក្សពេញវ័យត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនតែ១៩៤ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះដែរប្រមាណ៩៩%នៃចំនួនរបស់ពួកវាមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោកដើម្បីអភិរក្សប្រភេទសត្វដ៏កម្រនេះកុំឱ្យបាត់បង់។

លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមត្រួតពិនិត្យ និងតាមដានសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា បាននិយាយថា៖ «បន្ទាប់ពីរកឃើញវត្តមានសត្វត្រយ៉ងយក្សចំនួន០៤ក្បាលកាលពីចុងខែសីហាកន្លងទៅនេះ ក្រុមស្រាវជ្រាវសត្វព្រៃនៅតែបន្តស្វែងរកវត្តមានសត្វត្រយ៉ងយក្សបន្ថែមទៀត និងសំបុកពងកូនរបស់ពួកវា ពីព្រោះយើងមើលឃើញថាដែនជម្រកសត្វព្រៃកែវសីមា គឺជាទីជម្រកធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ការស្វែងរកចំណី និងការបន្តពូជរបស់សត្វត្រយ៉ងយក្ស។ ដូចដែលបានរំពឹងទុក យើងបានរកឃើញសំបុកត្រយ៉ងយក្សចំនួន០១សំបុកមានកូនតូចចំនួន០២ក្បាល។ ពួកវាមានសុខភាពល្អ និងកំពុងរស់នៅក្នុងទីតាំងមានសុវត្ថិភាព។ ពួកយើងពិតជាមានមោទភាពណាស់ចំពោះការរកឃើញនេះ ពីព្រោះយើងអាចបញ្ជាក់បានថាដែនជម្រកសត្វព្រៃកែវសីមា ក៏ជាទីជម្រកដ៏សំខាន់សម្រាប់ការពងកូនរបស់ត្រយ៉ងយក្សនៅកម្ពុជាផងដែរ។»
ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់ជាសាកលសម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿងដែលចំនួនរបស់ពួកវាច្រើនជាងគេបង្អស់មានរស់នៅក្នុងដែនជម្រក សត្វព្រៃនេះរួមទាំង ពពួកសត្វខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនផ្សេងទៀត។ ប៉ុន្តែសត្វព្រៃទាំងអស់នោះកំពុងទទួលការគំរាមកំហែងពីការបរបាញ់ និងការបាត់បង់ទីជម្រកដែលទាមទារឲ្យមានការអភិរក្សបន្ថែមទៀតដើម្បីធានាដល់ការរស់នៅ និងទីជម្រកធម្មជាតិសម្រាប់ពួកវា។

លោក Olly Griffin ទីប្រឹក្សាបច្ចេកទេសផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការWCS បាននិយាយថា៖ «ការរកឃើញនេះ ឆ្លុះបញ្ចាំងម្តងទៀតអំពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃកែវសីមាសម្រាប់អភិរក្សថនិកសត្វ និងសត្វស្លាបប្រភេទរងគ្រោះជាសាកល។ អង្គការ WCS និងក្រសួងបរិស្ថាន ទទួលបានជោគជ័យក្នុងការការពារសំបុកសត្វត្រយ៉ងយក្សនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ហើយនឹងធ្វើឱ្យជោគជ័យដូចគ្នានេះដែរនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះ»៕


No comments:

Post a Comment