Wednesday, September 27, 2017

លោក ហ៊ុន សែន ស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិក គិតគូរទៅលើគ្រាប់បែកគីមី របស់អាមេរិកដែលរកឃើញនៅខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាសំណូមពរទៅលោក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថាគួរទៅពិនិត្យមើលគ្រាប់បែកគីមី ដែលត្រូវបានរកឃើញនៅខេត្តស្វាយរៀងផង។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ តំបន់ចាក់អង្រែលើ ដែលពិធីនេះធ្វើឡើងនៅលើផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានទទួលបទពិសោធន៍គ្រប់គ្រាន់ហើយទៅលើសង្រ្គាមដែលបានបង្កដោយបរទេសនៅពីក្រោយខ្នង។ ជាក់ស្តែងគ្រាប់បែកគីមីដែលនៅសេសសល់នេះគឺជាសំណល់នៃសង្រ្គាមដែលអាមេរិកបានទម្លាក់គ្រាប់បែកជាច្រើននៅលើទឹកដីកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អាមេរិកគួរតែផ្តល់លុយដើម្បីយកគ្រាប់បែកទាំងអស់នេះពីលើទឹកដីខ្មែរ ប្រសើរជាងមកទារលុយថ្លៃគ្រាប់បែកពីកម្ពុជានោះ។ ទូតអាមេរិក គួរផ្តោតការយកចិត្តទុកដាក់ទៅលើគ្រាប់បែកគីមីនៅខេត្តស្វាយរៀងនោះ ថាតើគួរធ្វើយ៉ាងណា? បើទុក មនុស្សមានការភ័យខ្លាច បើដុតបំផ្លាញនោះវាមានសារធាតុគីមីគ្រោះថ្នាក់ធ្វើឱ្យមនុស្សស្លាប់ និងកើតមេរោគផ្សេងៗ៕




No comments:

Post a Comment