គោលបំណងសំខាន់នៃកិច្ចប្រជុំអាស៊ានខែសីហា ឆ្នាំ២០១៧ នៅក្រុងម៉ានីលគឺដើម្បីទប់ស្កាត់ជម្លោះមិនឲ្យកើតឡើងនៅសមុទ្រចិនខាងត្បូង និងធ្វើការងារឆ្ពោះទៅរកក្របខ័ណ្ឌមួយសម្រាប់ក្រមប្រតិបត្តិ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ អាស៊ានបានជំនះលើឧបសគ្គទាំងអស់និងចេញសេចក្តីថ្លែងការណ៍រួមមួយដែលលើកឡើងអំពីការមិនធ្វើយោធាតូបនីយកម្មនៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍នោះអាចបង្ហាញថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានជំនះលើភាពបែកបាក់ក្នុងកម្រិតមួយដែលអាចសាមគ្គីគ្នាដើម្បីសន្តិភាព និងស្ថិរភាព។ ស្វ័យអត់ធ្មត់គឺជាគោលបំណងមួយទៀតនៃការចេញសេចក្តីថ្លែងការណ៍នោះ។
ទាំងចិន និងអាស៊ានក៏បានយល់ស្របគ្នាលើក្របខ័ណ្ឌសម្រាប់ក្រមប្រតិបត្តិមួយ។ នេះគឺជាជំហានបឋមក្នុងការបោះជំហានថ្មីទៅមុខទៀតអំពីការចរចាលើក្រមប្រតិបត្តិ។ វាបានបង្កើតមូលដ្ឋានគ្រឹះអវិជ្ជមានសម្រាប់ជំហានបន្ទាប់នៃការពិភាក្សានោះ។ វាគឺជាផែនការសំខាន់សម្រាប់ធ្វើការលើសេចក្តីលម្អិតលើក្រមប្រតិបត្តិនោះ។
ក្រមប្រតិបត្តិនោះ ជាយថាហេតុ អាចគ្រប់គ្រង ស្ថិរភាព-សន្តិភាព នៅសមុទ្រចិនខាងត្បូង។ ការរួមចំណែកដ៏សំខាន់បំផុតនៃក្របខ័ណ្ឌនោះគឺថា វាជួយបង្កើតផែនការធំទៅលើថា តើសេចក្តីលម្អិតអ្វីខ្លះរបស់ក្រមនោះនឹងអាចតាក់តែងឡើង។ ជំហានបន្ទាប់នោះនឹងមិនងាយស្រួល ហើយអ្នកទទួលខុសត្រូវទាំងអស់មិនគួរមានការខកចិត្តនឹងវាទេ ប៉ុន្តែឧបសគ្គចំពោះដំណាក់កាលដំបូងនោះត្រូវបានគេជំនះរួចហើយ។
គោលបំណងទីពីរសម្រាប់កិច្ចប្រជុំនៅក្រុងម៉ានីលលើចំណែករបស់អាមេរិកនោះគឺ ដើម្បីស្វែងរកការមូលមតិគ្នាជាមួយមិត្តភ័ក្រអាស៊ាន និងដៃគូសម្ព័ន្ធភាពដើម្បីធ្វើឲ្យក្រុងព្យុងយ៉ាងខ្សត់មិត្តនៅក្នុងសហគមន៍អន្តរជាតិ ជាការឆ្លើយតបទៅនឹងការធ្វើតេស្តគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួន។
នៅកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho មិនបានជួបគ្នាដូចការរំពឹងទុកនោះទេ។ ជប៉ុនក៏មិនបានជួយលោក Ri នោះដែរ។ ប៉ុន្តែ លោក Tillerson បានរក្សាទ្វាឲ្យនៅបើកចំហរសម្រាប់ការចរចា ដោយបានលើកឡើងជាសាធារណៈថា មិនមានការត្រៀមខ្លួនច្បាស់លាស់ណាមួយសម្រាប់ការចរចាជាមួយក្រុងព្យុងយ៉ាងនោះទេ ទោះបីជាមានការបង្ហាញសុច្ឆន្ទសម្រាប់អាមេរិកគឺការបញ្ឈប់ការធ្វើតេស្តមីស៊ីលក៏ដោយ។ លោក Tillerson ក៏បានលើកឡើងថា គ្មានការកំណត់ពេលក្នុងការបន្តកិច្ចចរចានោះទេ។ អាមេរិកគួរតែត្រូវគេសរសើរចំពោះភាពស្វ័យអត់ធ្មត់ខ្ពស់ទោះបីជាមានការញួសញង់ក៏ដោយ។
ទោះជាបែបនោះ ការលេចមុខរបស់លោក Ri នៅកិច្ចប្រជុំនោះត្រូវបានលើកឡើងដោយអ្នកខ្លះនៅក្នុងបណ្តាញផ្សព្វផ្សាយលោកខាងលិចថា ជាការលេចមុខការទូតដ៏ចម្លែករបស់អ្នកការទូតកំពូលរបស់ក្រុងព្យុងយ៉ាង។ លោក Ri បានបានចរចាជាមួយចិន កូរ៉េខាងត្បូង និងរុស្ស៊ី។ រដ្ឋមន្ត្រីការបទេសចិនលោក Wang Yi តាមសេចក្តីរាយការណ៍ បានប្រាប់លោក Ri មិនឲ្យរំលោភសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ឬមើលស្រាលដល់សុច្ឆ័ន្ទរបស់សហគមន៍អន្តរជាតិតាមរយៈការធ្វើតេស្តគ្រាប់មីស៊ីល ឬនុយក្លេអ៊ែរ។
អាមេរិក ដែលកំពុងបង្ហាញភាពអត់ធ្មត់ខ្លាំងក្នុងវិបត្តិមីស៊ីលឧបទ្វីបកូរ៉េខាងនោះ បានធ្វើតេស្តគ្រាប់មីស៊ីលអន្តរទ្វីបរបស់ខ្លួន ដើម្បីបង្ហាញនូវភាពមានប្រៀបនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អាមេរិកបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដើម្បីបង្ហាញថា ការធ្វើតេស្តនោះមិនទាក់ទងនឹងការញួសញង់នាពេលថ្មីៗរបស់កូរ៉េខាងជើងនោះទេ។ អាមេរិក៏បានហោះហើរយន្តហោះទម្លាក់គ្រប់បែកនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាចរបស់ខ្លួនក្នុងការបង្ហាញកម្លាំងនៅតំបន់នោះ។
កន្លងមក ព្យុងយ៉ាងមិនបានបង្ហាញសញ្ញាច្បាស់ណាស់មួយថា ពួកគេចង់ចូលរួមការចរចា ហើយនៅពេលថ្មីៗនេះ បានជ្រើសរើសមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងដើម្បីការចរចាទេ។ នៅថ្មីៗបំផុតនោះ ក្រុងព្យុងយ៉ាងបានស្វែងរកការជួយជ្រោមជ្រែងពីអាស៊ាននៅក្នុងការប្រទាញប្រទង់គ្នានៅឧបទ្វីបកូរ៉េ។ ប៉ុន្តែ មេដឹកនាំអាស៊ានខ្លះបានច្រានចោលរួចហើយ ឬក៏មានការរិះគន់ដល់ការស្ទើសុំនេះ។ ព្យុងយ៉ាងនិងថ្នាក់ដឹកនាំរបស់ខ្លួន នាពេលថ្មីៗនេះ ត្រូវបានរិះគន់ដោយប្រធានាធិបតីហ្វីលីពីនយ៉ាងខ្លាំង។
កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តរបស់ប៉េកាំងនៅលើក្រដាស ហើយប្រទេសទាំងពីរនោះគឺជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធ។ ប៉េកាំងក៏កំពុងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដាក់សម្ពាធលើព្យុងយ៉ាងចំពោះការធ្វើតេស្តគ្រាប់មីស៊ីលរបស់ខ្លួនដែលផ្ទុយនឹងបទដ្ឋានអន្តរជាតិ។ សម្រាប់ភាគីខ្លះនៅក្នុងការចរចា ៦ ភាគីនោះ បញ្ហាមីស៊ីលកូរ៉េខាងជើងគឺជារបៀបវារសំខាន់មួយ។ ចិនត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីស្ថាបនាមួយនៅក្នុងបញ្ហានេះ។ អាមេរិកកំពុងជំរុញឲ្យប៉េកាំងក្នុងប្រើប្រាស់ឥទ្ធិពេលខ្លួនលើព្យុងយ៉ាង។
គោលដៅទីបីនៃកិច្ចប្រជុំអាស៊ាននោះគឺដើម្បីនិយាយអំពីផែនការស្ថាបនានិយមដូចជាកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម។ ហ្វីលីពីននៅពេលថ្មីៗនេះបានជួបប្រទេះនឹងអំពើភេរវកម្មនៅក្រុង Marawi ដែលគេឃើញប្រទេសអាស៊ានផ្សេងទៀតកំពុងបង្កើនការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
និយាយដោយចំៗទៅ បញ្ហាទាំងបីនោះ (សមុទ្រចិនខាងត្បូង គ្រាប់មីស៊ីលកូរ៉េខាងជើង និងអំពើភេរវកម្ម) មានសារៈសំខាន់ស្មើៗគ្នា។ ដូច្នេះ ការចូលរួមរបស់លោក Tillerson នៅក្នុងកិច្ចប្រជុំនៅក្រុងម៉ានីល និងការចរចាជាមួយប្រទេសអាស៊ាននោះត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំង។ នេះគឺជាការធ្វើដំណើរដ៏សំខាន់មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយសារតែវាគឺជាការបង្ហាញមុខដំបូងរបស់គាត់នៅតំបន់អាស៊ីអាគ្នេយ៍ និងជួបជាមួយអាស៊ាន។
ការបង្ហាញមុខជាផ្លូវការនេះក៏សំខាន់សម្រាប់រដ្ឋការ ត្រាំ ដែរ ដែលឥឡូវនេះ កំពុងស្ថិតនៅក្រោយពេលផ្អែមល្អែមរបស់ខ្លួន ប៉ុន្តែនៅតែក្មេងខ្ចីខ្លាំងក្នុងការងារនោះ ជាពិសេសក្នុងន័យភូមិសាស្ត្រនយោបាយក្នុងការប្រាស្រ័យទាក់ទងជាមួយសម្ព័ន្ធមិត្ត និងមិត្តភ័ក្ររបស់ខ្លួនអំពីយុទ្ធសាស្ត្រឆ្ពោះទៅមុខទៀត។ មនុស្សជាច្រើនក៏កំពុងរង់ចាំការមកដល់និងវត្តមានដ៏សំខាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅហ្វីលីពីន ព្រមទាំងកិច្ចប្រជុំកំពូល APEC នៅវៀតណាមនៅខែវិច្ឆិកា ឆ្នាំ ២០១៧។ ត្រាំ អាចបង្កើនក្តីសង្ឃឹមអំពីផលប្រយោជន៍របស់អាមេរិកក្នុងតំបន់នៅក្នុងកិច្ចប្រជុំទាំងនោះ។
ភាពតានតឹងចុងក្រោយនៅសមុទ្រចិនខាងត្បូងបានកើតឡើង នៅពេលចិនប្រឆាំងយ៉ាងខ្លាំងដល់វៀតណាមចំពោះការអនុញ្ញាតឲ្យក្រុមហ៊ុនរុករកប្រេងធ្វើការរុករកនៅក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរគឺជាអ្នកទទួលខុសត្រូវសំខាន់ដល់សន្តិភាពនិងស្ថិរភាពនៅអាស៊ីខាងកើត។ ប្រធានាធិបតីហ្វីលីពីនក៏ហាក់ដូចជាមានលក្ខណៈសម្រុះសម្រួលជាមួយចិនដែរ។ អ្នកទទួលខុសត្រូវទាំងអស់គួរតែសម្លឹងទៅមុខ និងធានាថា បរិយាកាសវិជ្ជមានអាចមានចីរភាពនៅក្រោយកិច្ចប្រជុំនៅទីក្រុងម៉ានីលនោះ។
កិច្ចប្រជុំនោះបានបង្កើតក្រមខ័ណ្ឌដែលគេរំពឹងទៅលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដោយជំនះលើឧបសគ្គទាំងអស់។ ក្រមខណ្ឌនោះសំខាន់ណាស់ ដោយសារតែវាផ្តោតលើសន្តិភាព កិច្ចសហប្រតិបត្តិការ ក្របខ័ណ្ឌគតិយុទ្ធ ការងារការទូលើការប្រឈមដាក់គ្នា សង្គ្រាម និងភាពតានតឹង។ ហាក់បីដូចជាមានការមូលមតិគ្នាលើការគាំទ្រសេរីភាពនៃការធ្វើនាវាចរកាត់តាមផ្ទៃទឹកក្នុងសមុទ្រចិនខាងត្បូង។
ការរិះគន់ធំលើក្រមខ័ណ្ឌនោះគឺថា វាមិនមែនមានចំណងផ្លូវច្បាប់។ ប្រសិនបើវាមានដំណើរការល្អនោះ ជំហានបន្ទាប់គឺយន្តការដោះស្រាយជម្លោះ ដែលត្រូវបានស្នើឡើងដោយភាគីខ្លះ។ ទោះបីជាមានជំហានថ្មីក៏ដោយ ក៏ក្រមខ័ណ្ឌនោះបានបង្កើតជាសារនិងរចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការចរចាកម្រិតថ្មី៕
ប្រភព៖ IPPREVIEW ចុះថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៧
No comments:
Post a Comment