Friday, August 18, 2017

«ហ្លួងព្រះស្តេចកន» ដែលចំណាយពេលថតជាង២ឆ្នាំ អស់ប្រាក់ជាង១លានដុល្លារចាប់ផ្តើមដាក់បញ្ចាំងហើយ

(ភ្នំពេញ)៖ រឿងហ្លួងព្រះស្តេចកនដែលត្រៀមដាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្ដនានានៅកម្ពុជានោះ គឺបានបង្ហាញពី​វប្ប​ធ​ម៌ខ្មែរដ៏អស្ចារ្យ ដើម្បីឱ្យកូនចៅ ជំនាន់ក្រោយ គួរយកតម្រាប់តាម និងប្រតិបត្ដិនៅក្នុងសង្គមបច្ចុប្បន្ន។​ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តរឿង​ «ហ្លួងព្រះស្តេចកន» របស់ផលិតកម្ម​ត្រី​សូ​ល៍​ភាពយន្ដខ្មែរ នៅសាលមហោស្រពចតុមុខ នៅរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា វណ្ណកម្មភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ដែលស្នាដៃនិពន្ធកូនខ្មែរដោ​យសំរិតសំរាំងដាក់បញ្ចាំង នៅពេលនេះ ដើម្បី​បម្រើអារម្មណ៍ទស្ស​និកជនផង និងដើម្បីទុកជាឯកសារភាពយន្ដ សម្រាប់ការ​សិក្សាស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ។ ប្រជា​​ជនកម្ពុជា បានទទួលនូវមរតកសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែប ទាំងវប្បធម៌រូបី និងអរូបី ហើយការផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ ទាំ​ង​នេះ​តាម​រយៈភាពយន្ត​ គឺជាមធ្យោបាយដ៏ប្រសើរបំផុត​សម្រាប់ ផ្ទេរមរតកដ៏​ថ្លៃថ្លា​នេះ​ទៅ​ឱ្យកូនចៅជំនាន់ក្រោយសម្រាប់ការសិក្សាស្វែងយល់ និងស្គាល់​នូវអ្វី​ដែល​ជាការពិតនៃប្រវត្តិសាស្រ្ត។

លោកស្រី ម៉ែន សំអន បានបន្ដថា យើងនៅចាំបានថា ក្នុងអំឡុងទសវត្សទី៦០ និង​ដើម​ទសវត្សទី៧០ ភាពយន្តខ្មែរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបាន​បង្កឱកាសល្អសម្រាប់កម្ពុជា ធ្វើការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយ ប្រទេសនានាក្នុងតំបន់។ ប៉ុន្តែសង្គ្រាមដែលអូសបន្លាយជាងបីទសវត្សបាន បញ្ឈប់ដំណើរការរីកចម្រើនរបស់កម្ពុជា ក្នុងនោះក៏មានវិស័យភាពយន្តផងដែរ ហើយបាន​បង្ក​កា​រលំបាកដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍវិស័យនេះឡើងវិញ។​ បច្ចុប្បន្នក្រោមការដឹក​នាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យភាពយន្ត​របស់​យើងកំពុងមានការវិវត្តរីកចម្រើនជាលំដាប់ ដែលអាចឆ្លើយ​តបបានទៅ​នឹង​សេ​ច​ក្តីត្រូវ​ការនៃទីផ្សារក្នុងស្រុក៕





No comments:

Post a Comment