Friday, August 18, 2017

កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ចលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោកជាប់ចំណាត់ថ្នាក់ទី៦ !

(ភ្នំពេញ)៖ ប្រទេសកម្ពុជាដែលត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ផ្តល់រហស្សនាមថា ជា «កូនខ្លាអាស៉ី», នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ធនាគារពិភព លោក (World Bank) បានចេញមកអះអាងតាមសេចក្តីប្រកាសថា ប្រទេសកម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។ (សូមអានសេចក្តីប្រកាសខាងក្រោម)
របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាមានកំណើន ក្នុងអត្រាជាមធ្យម៧.៦% ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៥ ដែលកំណើននេះបានធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលវាបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី៤៧.៨ភាគរយក្នុងឆ្នាំ២០០៧ ដល់១៣.៥%ក្នុងឆ្នាំ២០១៤»។
លោក ហែម វណ្ឌឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកថា «កម្ពុជាបាននិងកំពុងខិតខំ បំពេញការងារយ៉ាងសកម្មដើម្បីជួយប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ ហើយយើងប្តេជ្ញាបន្តធ្វើឱ្យមានកំណើនប្រកបដោយ បរិយាប័ន្ននៅទូទាំងប្រទេសកម្ពុជា។ យើងនៅបន្តប្តេជ្ញាបើកទូលាយក្នុងវិស័យជំនួញ និងវិនិយោគទុន ហើយក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិសម្រាប់ការបន្តគាំទ្រ និងការជឿជាក់របស់ខ្លួន លើភាពរឹងមាំនិងភាពរីកចម្រើនរបស់កម្ពុជា»។
លោកស្រី អ៉ីហ្គោណា ដូប្រាចា នាយិការគ្រប់គ្រង ធនា​គារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ជាង២ទស្សវត្សរ៍កន្លងមកនេះ ការសម្រេចបានរបស់កម្ពុជា ក្នុងកំណើនសេដ្ឋកិច្ច និងការប្រសើរឡើងនៃការរស់នៅរបស់ប្រជាជន គឺជាការដ៏គួរឱ្យកត់សម្គាល់។ ការប្រឈមនានា នឹងកើតមាននាពេលខាងមុខ ដោយសារកម្ពុជាមាន​បំណងប្រាថ្នាចង់ បានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងជាងមុន ការបង្កើនផលិតភាពផលិត ការកសាងស្ថាប័នរឹងមាំនិងមានប្រសិទ្ធភាព និងការពង្រឹងឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។
របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ដើម្បីរក្សាបានកំណើនដ៏រឹងមាំនោះ កម្ពុជាផ្តោតវិស័យអាទិភាពចំនួន៣ សម្រាប់ផលប្រយោជន៍ទាំងអស់គ្នាគឺ៖
១៖ ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ច ដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ និងការងារប្រសើរៗជាងមុន ដោយកាត់បន្ថយចំណាយនៃការបង្កើន និងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈ និងឯកជន។
២៖ ការកសាងទុនមនុស្ស ដោយការវិនិយោគលើការអភិវឌ្ឍដំបូងនៃកុមារ ជំរុញគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា និងការគាំពារគ្រួសារនៅពេលដែលជួបវិបត្តិ។
៣៖ ការរក្សានិងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយវិនិ​យោ​គលើធនធានធម្មជាតិ និងលើកកម្ពស់ស្ថិរភាព និងបរិយាប័ន្ននៃទីក្រុងនានា រួមទាំងពង្រឹងភាពធន់នឹងបម្រែ​បម្រួលអាកាសធាតុ៕

ប្រភព៖ Fresh News




No comments:

Post a Comment