Wednesday, June 21, 2017

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ រត់​ទៅ​ពឹងប្រទេស​ដែលនៅ​ជិតបំផុត​ទើបអាច​រំដោះប្រជាជន​ខ្មែរផុតពី​សេចក្តីស្លាប់​ទាន់​ពេលវេលា​

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដើម្បីជួយសង្រ្គោះប្រជាជនកម្ពុជា លោកបានសម្រេចចិត្តរត់ទៅពឹងប្រទេសដែលនៅជិតបំផុតទើបអាចរំដោះប្រជាជនខ្មែរផុតពីសេចក្តីស្លាប់ទាន់ពេលវេលា។​​ លោក បានថ្លែងដូចនេះ​ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិ​វាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅសាលាបឋម​សិក្សាកោះថ្ម​ នៅឃុំទន្លូង​ ស្រុកមេមត់​ ខេត្ត​ត្បូងឃ្មុំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអាចរត់ទៅពឹងប្រទេសឡាវដែលនៅឆ្ងាយប្រមាណជិត២០០គីឡូម៉ែតនោះទេ ហើយតើឡាវមានលទ្ធភាពទេ បើយើងទៅពឹងថៃវិញមិនដឹងទៅតាមផ្លូវណាផងទេ ហើយតើគេមានលទ្ធភាពជួយយើងទាន់ពេលវេលាដែរឬទេ។ សម្រាប់វៀតណាមគឺនៅកៀកនឹងយើងតែប៉ុន្មានគីឡូម៉ែតពីទីនេះដែលជាជម្រើសល្អបំផុតដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា សម្រាប់កម្ពុជាយើង ការពឹងពាក់វៀតណាមក៏ធ្លាប់មានពីមុនមកដែរ។ សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់ពឹងវៀតណាមឱ្យជួយរំដោះប្រទេស លន់ នល់ ក៏ធ្លាប់ពឹងវៀតណាមខាងត្បូង និងអាមេរិក ចូលមកច្បាំងក្នុងទឹកដីកម្ពុជាដែរ ដូចដែលអ្នកដែលនៅតំបន់នេះបានដឹងទាំងអស់គ្នាហើយ។ យើងបានដឹងហើយថា នៅតំបន់នេះសម្បូរទៅដោយកងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងត្បូង តើម៉េចបានគេធ្វើបាន? ម្យ៉ាងទៀត មេដឹកនាំប្រទេសជាច្រើន បានតស៊ូពីក្រៅប្រទេសទេ មិនមែនតស៊ូនៅក្នុងប្រទេសនោះឡើយ៕





No comments:

Post a Comment