Wednesday, June 21, 2017

លោក សុខ ឥសាន៖ គ្មានអ្នកណាឈឺឆ្អាល ពីសុខទុក្ខ ការលំបាករបស់ប្រជាជន ជាងគណបក្សប្រជាជនកម្ពុជានោះទេ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងនាមជាបក្សកាន់អំណាចថា រាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ចចំពោះ ការធ្វើឱ្យជីវភាពរស់នៅ របស់កម្មករ និយោជិតល្អប្រសើរ ក៏ដូចជាប្រជាជនទូទៅផងដែរ ។ បើប្រជាជន និងកម្មករនិយោជិត មានកម្រិតជីវភាពល្អប្រសើរ នោះគឺជាគុណសម្បត្តិ និងគុណតម្លៃ ស្នាដៃរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល របស់គណបក្សកាន់អំណាចដែរ ហើយតាមរយៈនេះ ប្រជាជន នឹងបង្កើនការគាំទ្រចំពោះការដឹកនាំរបស់បក្សកាន់អំណាច និងរាជរដ្ឋាភិបាល ដែលអាចឲ្យគណបក្សកាន់អំណាចនៅតែមានសក្តានុពល ក្នុងការដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោត គ្រប់ពេល ។ ដូច្នេះគ្មានហេតុផលណា ដែលបក្សកាន់អំណាច និងរាជរដ្ឋាភិបាល មិនគិតគូរពីការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង កម្មករ និយោជិតនោះទេ ។ ក៏ប៉ុន្តែ ការគិតគូរតម្លើងយ៉ាងណា ក៏ត្រូវតែគិតគូរលើគោលការណ៍ ក្រឹត្យក្រមសេដ្ឋកិច្ច និងស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។

លោក សុខ ឥសាន បន្តថាការចង់បានតាមចិត្ត ដោយមិនបានគិតគូរតាមក្បួនខ្នាត ក្រឹត្យក្រមសេដ្ឋកិច្ច នឹងមិនអាចអនុវត្តទៅបានទេ។ ដូច្នេះសរុបមកវិញ គ្មានអ្នកណាឈឺឆ្អាល ពីសុខទុក្ខ ការលំបាករបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ជាងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សកាន់អំណាចនោះទេ៕



No comments:

Post a Comment