Friday, March 17, 2017

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧបនាយករដ្ឋមន្រ្តី សុខ អាន

នៅរសៀលថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ២០១៧​ ​ គណៈប្រតិភូ​ កាកបាទក្រហមកម្ពុជា​ បានចូលរួមគោរពវិញ្ញាណក្ខន្ធ​ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព​ លោកឧប​នាយក​រដ្ឋ​មន្រ្តី​ សុខ​ អាន​ សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព នៅវេលាម៉ោង ១៨ម៉៣២ ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលនេះ​ គណៈប្រតិភូ​ បានប្រគល់លិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន លោកស្រី អាន្នី​ សុខ អាន​ ឧត្តមភរិយា ​ និងក្រុមគ្រួសារ​ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ លោកឧប​នាយក​រដ្ឋមន្រ្តី សុខ អាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
 មរណភាព របស់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន គឺជាការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកជំទាវ បុត្រា បុត្រី ហើយក៏ជាការបាត់បង់ ឥស្សរជនដ៏ឆ្នើមរបស់ជាតិមួយរូប ពោរពេញដោយគុណធម៌ សច្ចៈធម៌ បានធ្វើពលិកម្មជាច្រើន បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្នាដៃដ៏ត្រចះត្រចង់ច្រើនឥតគណនា ក្នុងការស្តារ កសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ វឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈរ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ៕







No comments:

Post a Comment