Friday, March 17, 2017

មរណភាព របស់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន គឺជាការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកជំទាវ បុត្រា បុត្រី ហើយក៏ជាការបាត់បង់ ឥស្សរជនដ៏ឆ្នើមរបស់ជាតិមួយរូប ពោរពេញដោយគុណធម៌ សច្ចៈធម៌ បានធ្វើពលិកម្មជាច្រើន បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្នាដៃដ៏ត្រចះត្រចង់ច្រើនឥតគណនា ក្នុងការស្តារ កសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ វឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈរ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ៕

នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានអញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ គ្រួសារសព លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានទទួលមរណភាពពី វេលាម៉ោង១៨.៣២នាទី ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោក សាយ ឈុំ សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្ដីសោកស្ដាយអាឡោះអាល័យជាទីបំផុត ជាមួយលោកស្រី អាន្នី សុខ អាន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលជាអ្នកដឹកនាំដ៏ឆ្នើមមួយរូបរបស់ ប្រជាជាតិខ្មែរយើង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ប្រកបដោយទឹកចិត្តស្វាមីភក្តិជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកប​ដោយគតិបណ្ឌិតរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្ដារ កសាង អភិ​វឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពសង្គម ស្ថិរភាពនយោបាយ រក្សាការពារបានឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងនីតិរដ្ឋ៕














No comments:

Post a Comment