Thursday, December 22, 2016

បែកធ្លាយការពិត៖ “ទីបំផុត គេបានដឹងថា កម្លាំងគ្រឹះរបស់បក្សសង្គ្រោះជាតិ គឺជាបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា!”

ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិមួយផ្ទាំងដែលដាច់រហែករយ៉ៃ បង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះ បានបង្ហាញឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនូវការបែកធ្លាយការពិត នៅពីក្រោយឆាករបស់បក្សប្រឆាំង។
នៅពេលរហែកស្លាកសញ្ញាបក្ស ទើបគេដឹងថា ភស្តុតាងបង្ហាញថា គ្រឹះរបស់បក្សប្រឆាំងនៅតាមមូលដ្ឋានគឺជាកម្លាំងរបស់កូតាសិទ្ធិមនុស្សលោក កឹម សុខា សោះ។
ប្រជាពលរដ្ឋ និងសកម្មជនមួយចំនួនរបស់បក្សប្រឆាំងនឹងបាត់ចម្ងល់នូវមន្ទឹលសង្ស័យដែលគេធ្លាប់គិតថា បក្សសង្គ្រោះជាតិត្រូវបានក្តោបក្តាប់ដោយកម្លាំងរបស់លោក សម រង្ស៊ី តែធាតុពិត តាមរយៈស្លាកសញ្ញាដែលដាច់រហែកនេះ ទើបគេដឹងថា បក្សសិទ្ធិមនុស្សទៅវិញទេដែល មានឥទ្ធិពល ពីព្រោះពេលនេះ ស្រោមសង្គ្រោះជាតិរហែកហើយ ហើយការពិតក៏គ្មានអ្វីជាអាថ៌កំបាំងទៀតដែរ។
តើជាចេតនារបស់បក្សសិទ្ធិមនុស្ស ក្នុងគោលបំណងបង្ហាញដល់សកម្មជនរបស់ខ្លួនថា ដល់ពេលដែលអាប៉ោងបើកគ្របហើយមែនឬ?
វាជាការពិតដែលបក្សសិទ្ធិមនុស្ស បានផុសប្រាកដឡើងនឹងភ្នែក ហើយគេដឹងថា ស្លាកសង្គ្រោះជាតិបានយកទៅកឹបគ្របពីលើតែប៉ុណ្ណោះ។ ស្លាកបក្សសិទ្ធិមនុស្ស បានផុសឡើង ក្នុងខណៈពេលដែលលោក កឹម សុខា ដណ្តើមបានជោគជ័យ និងប្រមូលបានទាំងអស់ នូវតំណែងរបស់លោក សម រង្ស៊ី ហើយលោក កឹម សុខា ក៏ត្រូវបានគេដឹងថា បាននិងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីក្តោបក្តាប់បក្សប្រឆាំងទាំងមូល ខណៈទណ្ឌិត សម រង្ស៊ី កំពុងបាត់អស់ទាំងស្រុងនូវសិទ្ធិនយោបាយ ហើយក៏កំពុងនីរទេសខ្លួនទៀតផង។
លោក កឹម សុខា ក៏បានក្លាយជាដៃគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និងក៏បានចាត់ទុកលោក ហ៊ុន សែន ជាអ្នកមានគុណមិនអាចកាត់ថ្លៃបានទៀតផង។ ការបញ្ចេញនូវ រូបសញ្ញាបក្សសិទ្ធិមនុស្សនៅពេលនេះ ក៏អាចជាចេតនារបស់អ្នកគាំទ្រលោក កឹម សុខា ចង់បង្ហាញសកម្មជនទូទាំងប្រទេសថា បេក្ខជនដែលនឹងត្រូវឈរឈ្មោះសម្រាប់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ប្រកួតជាមួយបក្សកាន់អំណាច គឺជាកម្លាំងខាងកូតាសិទ្ធិមនុស្សរបស់លោក កឹម សុខា ហើយកម្លាំងនេះមានចំនួនច្រើនលើសលុបនៅឃុំ សង្កាត់នានា នឹងត្រូវឈរឈ្មោះដោយការរៀបចំរបស់លោក កឹម សុខា និងបក្ខពួកគាត់។
បើទោះជាគេមិនអាចទស្សន៍ទាយដឹងថា បក្សសង្គ្រោះជាតិប្រឈមនឹងបញ្ហាឈ្លោះទាស់ទែងគ្នាកំរិតណាក្តីនៅពេលរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែ ការដាច់រហែកស្លាកសញ្ញា បានបង្ហាញថា កម្លាំងរបស់លោក កឹម សុខា នឹងចាប់ផ្តើមបង្ហាញជាសាធារណៈថា ពីពេលនេះទៅអនាគត គឺដៃគូនយោបាយរបស់កម្ពុជា មានតែលោក ហ៊ុន សែន ជាមួយ កឹម សុខា គឺគ្មាន សម រង្ស៊ីទៀតនោះទេ៕


No comments:

Post a Comment