Thursday, December 22, 2016

កម្ពុជា ចិន​ធ្វើ​ជាសហ​ប្រធាន នៃ​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង​លើក​ទី​២​

ព្រឹកថ្ងៃទី២២ ខែធ្នូ ២ឆ្នាំ២០១៦នេះ ក្រុមមន្ត្រីបច្ចេកទេសបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ នៅសណ្ឋាគារសុខាឡៃ ក្នុងខេត្តសៀមរាប ដោយមានមន្ត្រីមកពីក្រសួងការបរទេសនៃប្រទេសកម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាមនិងថៃ ដោយកម្ពុជានិងចិនធ្វើជាសហប្រធាន។
លោកស្រី ទូច សុផារត្ន ប្រធាននាយកដ្ឋានសហប្រតិបតិ្តការមេគង្គនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាសហប្រធានក្នុងកិច្ចប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានមន្ត្រីការបរទេសមកបណ្តាប្រទេសតាមដងទន្លេមេគង្គមកជួបប្រជុំជាមួយក្រុមមន្ត្រីត្រូវអនុវត្តគម្រោងនានា ចាប់តាំងពីមានកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង កាលពីខែមីនា ២០១៦។
កិច្ចប្រជុំនេះចែកចេញជាពីររួមមាន កិច្ចប្រជុំមន្ត្រីមកពីក្រសួងការបរទេសនៃប្រទេសទាំង៦ និងកិច្ចប្រជុំរវាងមន្ត្រីការបរទេសជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធទាំង៦ប្រទេស។ បន្ទាប់ពីកិច្ចប្រជុំនេះទៅ នឹងមានការកំណត់ឱ្យបណ្តាក្រសួងស្ថាប័នអនុវត្តនូវគម្រោងដែលត្រូវបានដាក់ចេញនានា ដែលត្រូវប្រកាសរួមដោយបណ្តាមេដឹកនាំមេគង្គ-ឡានឆាង។ ក្រៅពីនេះកិច្ចប្រជុំនេះក៏ធ្វើឡើង ដើម្បីត្រៀមកិច្ចសំរាប់ប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ផងដែរ។
លោកស្រី ទូច សុផារត្ន បានមានប្រសាសន៍បន្ថែមទៀតថា នៅរសៀលថ្ងៃទី ២២ ធ្នូនេះ នឹងមានកិច្ចប្រជុំថ្នាក់ឧត្តមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ នៅសណ្ឋាគារ សុខាឡៃដដែល។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ-ឡានឆាងលើកទី២ នឹងមានការឯកភាពលើឯកសារចំនួន៣រួមមាន សេចក្តីប្រកាសព័ត៌មានរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រី បញ្ជីតាមដានលទ្ធផលកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ និងគោលការទូទៅសម្រាបើការបង្កើតក្រុមការងាររួម ស្តីពីវិស័យអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕




No comments:

Post a Comment