Tuesday, October 11, 2016

ឯកឧត្តម កែវ រ៉េមី បានស្នើដល់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ UN ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស

ឯកឧត្តម    កែវ រ៉េមី    ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា    បានស្នើដល់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាគោរពសិទ្ធិមនុស្ស ។

ឯកឧត្តម កែវ រ៉េមី បានឲ្យដឹងថា ចំណុចសំខាន់បំផុត គឺយើងបានសំណូមពរទៅគាត់វិញ ដោយសារតែយើងអស់ពេលវេលាសំណូមពរគាត់    សុំឱ្យគាត់ផ្តល់យុត្តិធម៌ដល់កម្ពុជា ជូនរដ្ឋាភិបាលកម្ពុជា     ទាក់ទងនឹងបញ្ហាគោរពសិទ្ធិមនុស្ស     ជាពិសេសសុំឱ្យលោកស្រីយល់ថា ស្ថិរភាពនយោបាយ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ សំណូមពររបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅគ្រាដែលលោកស្រី រ៉ូណា ស្មីត ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទី១ រយៈពេល១០ថ្ងៃ។

ឯកឧត្តម កែវ រ៉េមី បានបន្ថែមថា គាត់ចេះតែស្រែកថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអាក្រក់ ក៏ប៉ុន្តែសម្រាប់ប្រជាជនដែលធ្លាប់រស់នៅ ប្រសព្វនឹងបញ្ហាទាំងប៉ុន្មានហ្នឹង គឺគាំទ្រទៅវិញ។ ឯកឧត្តមបានបន្តទៀតថា ក្រោយពីរបបខ្មែរក្រហម មានតែសម្តេចតេជោ ហ៊ុន សែន ដែលគាត់បានរំដោះឱ្យប្រជាជនបានរស់ឡើងវិញនេះ គឺជាសិទ្ធិរស់រានមានជីវិត ហ្នឹងគឺជាសិទ្ធិមនុស្សធំណាស់។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ពុំបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ នៅក្នុងជំនួបជាមួយ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ៕


No comments:

Post a Comment